ប្រមុខមេដឹកនាំម៉ាឡេថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីលើក្រុមអ្នកគាំទ្រក្រុមប៉ាឡេស្ទីនទេ

បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បាននិយាយថា មិនទទួលស្គាល់ទណ្ឌកម្ម ឯកតោភាគី ជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន ។

កាលពីសប្តាហ៍មុន ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន ។

លោកអាន់វ៉ា បានបន្តនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភា នៅថ្ងៃអង្គារនេះថា៖ «ទណ្ឌកម្មណាមួយប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចប៉ះពាល់ដល់ការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិ និងក្រុមហ៊ុនអាមេរិក ទៅកាន់ប្រទេសម៉ាឡេស៊ី ក៏ដូចជាប៉ះពាល់ដល់ឱកាសវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ» ៕