ពលរដ្ឋហ្គាហ្សា ត្រឡប់ទៅជីវិតដើមវិញ ក៏ព្រោះជម្លោះដ៏សាហាវរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល

ហ្គាហ្សា៖ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា អស់រយៈពេលជាង ៣សប្តាហ៍មកនេះ ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត ។

នៅកណ្តាលហ្គាហ្សាស្ទ្រីប ការរស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក សម្រាប់គ្រួសាររបស់លោក និងប្រជាជន ដែលជ្រកក្រោមដំបូលរបស់លោក ។

សៀម បានបរាជ័យក្នុងការទទួលបាន ប្រេងឥន្ធនៈណាមួយ សូម្បីតែពីទីផ្សារងងឹត នេះពិតជាមិនធ្លាប់មានចាប់តាំងពីអ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងលើ តំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី០៩ ខែតុលា ខណៈដើម្បីដំណើរការរថយន្ត Nissan ស៊េរីឆ្នាំ២០២២ របស់លោក ។

បុរសអាយុ ៤៧ឆ្នាំរូបនេះបាននិយាយថា “ជីវិតរបស់ខ្ញុំបានប្រែក្លាយទាំងស្រុង​ ខ្ញុំបានបាត់បង់អ្វីៗទាំងអស់: ផ្ទះរបស់ខ្ញុំ ស្ថេរភាពរបស់ខ្ញុំ ហើយឥឡូវនេះឡានរបស់ខ្ញុំ បានក្លាយទៅជាគ្មានប្រយោជន៍” ។ លោកបានទួញសោកថា “សង្រ្គាមបាននាំយើងត្រឡប់ទៅរកជីវិតបែបបុរាណ ដែលនឹកស្មានមិនដល់ វាអាក្រក់ជាងសុបិន្តអាក្រក់ទៅទៀត”។

ជុំចុងក្រោយនៃជម្លោះរវាងក្រុមហាម៉ាស-អ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស គ្រប់គ្រងតំបន់ហ្គាហ្សា បានបើកការវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយទៅលើគោលដៅ និងទីប្រជុំជនយោធាអ៊ីស្រាអែល ដោយជំរុញឱ្យមានការវាយប្រហារ តាមអាកាសយ៉ាងទូលំទូលាយលើតំបន់ហ្គាហ្សា ។

ការប្រឈមមុខដាក់គ្នាយ៉ាងបង្ហូរឈាមនេះ បានសម្លាប់មនុស្សជាង ១១,០០០នាក់នៅភាគីទាំងសងខាង ដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ របស់ហ្គាហ្សារងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្ស ១,៤លាននាក់ត្រូវផ្លាស់ទីលំនៅខាងក្នុង។

សណ្តាប់ធ្នាប់សង្គមរបស់តំបន់ហ្គាហ្សា បានចាប់ផ្តើមដួលរលំបន្ទាប់ពីសង្គ្រាមរយៈពេល ៣សប្តាហ៍ និងការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល បើតាមទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹង ។

លោក Tom White នាយកកិច្ចការ UNRWA ប្រចាំតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់ពាន់នាក់បានសម្រុកចូលឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលចែកចាយ របស់ខ្លួននៅតំបន់កណ្តាល និងភាគខាងត្បូង ហើយបានរឹបអូសយកម្សៅស្រូវសាលី និងសម្ភារៈសង្គ្រោះមូលដ្ឋានផ្សេងទៀត ៕