ចិន៖ ធ្វើតេស្តដោយជោគជ័យ រ៉ុក្កែតរុញច្រានអាចប្រើប្រាស់ឡើងវិញ
ប្រទេសចិនបានទទួលជោគជ័យ ក្នុងការសាកល្បងដំណើរការហោះឡើង និងចុះចតដោយឈរត្រង់នៃរ៉ុក្កែតពាណិជ្ជកម្ម SQX-2Y ដែលអាចប្រើប្រាស់ឡើងវិញ កាលពីថ្ងៃទី 02 វិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ហើយក៏ជាជំហានថ្មីរបស់ប្រទេសចិននៅក្នុងវិស័យអវកាសផងដែរ ។
ក្រុមហ៊ុន Beijing Interstellar Glory Space Technology បានអភិវឌ្ឍ រ៉ុក្កែត SQX-2Y ។ រ៉ុក្កែតនេះមានអង្កត់ផ្ចិតប្រវែង 3.35 ម៉ែត្រ, បណ្ដោយប្រហែល 17 ម៉ែត្រ និងបំពាក់ម៉ាស៊ីនប្រើប្រាស់មេតានអុកស៊ីសែនរាវ ។ នេះគឺជាលើកដំបូង ដែលប្រទេសចិនធ្វើតេស្តលើការហោះឡើង ចុះចតដោយឈរត្រង់ និងប្រើប្រាស់ឡើងវិញបាន នូវរ៉ុក្កែតប្រើឥន្ធនៈរាវមួយជាន់ក្នុងទម្រង់ពេញលេញ ។
នៅភាគពាយព្យនៃប្រទេសចិន ការសាកល្បងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Tửu Tuyền ។ ក្នុងការធ្វើតេស្តនេះ រ៉ុក្កែតបានហោះឡើងដល់កម្ពស់ 178.42 ម៉ែត្រ ខណៈរយៈពេលហោះហើរគឺ 50.82 វិនាទី និងសុក្រឹតភាពនៃទីតាំងចុះចតគឺប្រហែល 1.68 ម៉ែត្រ រួមនឹងល្បឿនចុះចតគឺ 0.025 ម៉ែត្រ/វិនាទី ។
ការធ្វើតេស្តនេះមិនត្រឹមតែជួយដល់ការវាយតម្លៃលើគម្រោងអភិវឌ្ឍរ៉ុក្កែត ដែលអាចប្រើឡើងវិញបាននោះទេ ប៉ុន្តែក៏ប្រមូលបាននូវទិន្នន័យសំខាន់ និងផ្ដល់ជាជំនួយផ្នែកបច្ចេកទេស សម្រាប់ការអភិវឌ្ឍរ៉ុក្កែតខ្នាតមធ្យម និងធំ ក៏ដូចជាការប្រើប្រាស់មេតានអុកស៊ីសែនរាវ ដែលអាចប្រើប្រាស់ឡើងវិញបានផងដែរ នេះបើតាមក្រុមហ៊ុន Beijing Interstellar Glory Space Technology ឱ្យដឹង ។
រ៉ុក្កែតមានពីរប្រភេទគឺ រ៉ុក្កែតឥន្ធនៈរឹង និងរ៉ុក្កែតឥន្ធនៈរាវ បើសិនបែងចែកទៅតាមប្រភេទឥន្ធនៈដែលប្រើប្រាស់សម្រាប់ម៉ាស៊ីន។ រ៉ុក្កែតឥន្ធនៈរាវមានចំណុចវិជ្ជមានត្រង់ថា វាជួយកាត់បន្ថយការចំណាយ កម្រិតនៃការស៊ីឥន្ធនៈ ការកែប្រែកម្លាំងរុញច្រាន និងលទ្ធភាពនៃការប្រើប្រាស់ឡើងវិញ។
បច្ចុប្បន្ន ប្រទេសនានាកំពុងផ្ដោតទៅលើការស្រាវជ្រាវ អភិវឌ្ឍរ៉ុក្កែតរុញច្រានពាណិជ្ជកម្ម ដែលអាចប្រើប្រាស់ឡើងវិញបាន ។ ការប្រើប្រាស់ឡើងវិញនេះ មិនត្រឹមតែកាត់បន្ថយការចំណាយលើផ្នែករឹងរបស់រ៉ុក្កែតនោះទេ ប៉ុន្តែក៏ធ្វើឱ្យសកម្មភាព និងឧបករណ៍នៅលើដីមានភាពសាមញ្ញ ដូច្នេះក៏កាត់បន្ថយការចំណាយលើដំណើរការនៅលើដី និងបង្កើនការបាញ់បង្ហោះ ៕