ប្រមុខដឹកនាំសហព័ន្ធរុស្សី អាចនឹងបន្តកាន់អំណាច រហូតដល់ឆ្នាំ ២០៣០
រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី នាខែមីនា ខាងមុខនេះ ដោយនោះជាចំណាត់ការមួយ ដែលនឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ខណៈប្រធានវិមានក្រឹមឡាំងរូបនេះ មានអារម្មណ៍ថាខ្លួនត្រូវតែដឹកនាំប្រទេសរុស្ស៊ី ឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើតាមប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មាន រ៉យទ័រ ។
កាលពីខែមិថុនា លោក ពូទីន កន្លងមកនេះ បន្ទាប់ពីបានបង្រ្កាបការបះបោរប្រដាប់អាវុធដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានបង្កើនការគាំទ្រក្នុងចំណោមមូលដ្ឋានស្នូលរបស់ខ្លួន នៅក្នុងកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងជាមួយអ្នកបោះឆ្នោតក្នុងតំបន់ នៅខាងក្រៅទីក្រុងមូស្គូ ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបាននាំមកនៅក្រោមការគ្រប់គ្រងរបស់លោកវិញ ។
នៅវិមានក្រឹមឡាំង ប្រភពមួយផ្សេងទៀត ដែលដឹងពីបញ្ហាបានបញ្ជាក់ថា ការសម្រេចមួយត្រូវបានធ្វើឡើង ហើយទីប្រឹក្សារបស់លោកពូទីន កំពុងរៀបចំសម្រាប់ការចូលរួមរបស់លោក នៅក្នុងការបោះឆ្នោត ។ ជាមួយគ្នានោះ ប្រភពចំនួនបីផ្សេងទៀតបាននិយាយថា ការសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ខែមីនា ឆ្នាំ២០២៤ ត្រូវបានកំណត់រួចហើយ ។
ខណៈដែលបណ្ដាអ្នកការទូត អ្នកស៊ើបការណ៍ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា ពួកគេរំពឹងថាលោកពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយអំពីផែនការរបស់លោកពូទីន ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ ៕