ការបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ របស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ សម្រាប់កិច្ចប្រជុំស្តីពី ជម្លោះតំបន់ហ្គាហ្សា

អ៊ីរ៉ង់៖ លោក Mohammed al-Sudani នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចប្រជុំ ស្តីពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន កាលពីថ្ងៃចន្ទកន្លងមកនេះ ។

លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់គាំទ្រ រាល់វិធានការរបស់បណ្តាប្រទេសអ៊ីស្លាម ដើម្បីការពារការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល លើជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។

លោក Raisi បានលើកឡើងថា រឿងអកុសល អាវុធ ចារកម្ម និងជំនួយហិរញ្ញវត្ថុរបស់អាមេរិក ដល់របបហ្សាអឺន ជំរុញឲ្យពួកគេសម្លាប់ និងប្រព្រឹត្តទង្វើដ៏ឃោឃៅលើពលរដ្ឋប៉ាឡេស្ទីន ហើយអ្វីដែលអាមេរិកអះអាងដោយផ្អែកលើវិធីដែលពួកគេចង់ជួយពលរដ្ឋនៅតំបន់ហ្គាហ្សា ឬបន្ទាប់ពីបទឈប់បាញ់ គឺខុសទាំងស្រុង និងជាអំណះអំណាងភូតកុហស ហើយមិនត្រូវនឹងសកម្មភាពរបស់ពួកគេនោះឡើយ ។

​លោក Al-Sudani នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានជួបជាមួយរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យ ស្របពេលដែលទីក្រុងវ៉ាស៊ីងតោន បង្កើនវិធានការការទូតជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលប្រជាពលរដ្ឋរបស់ពួកគេខឹងសម្បារនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ។

លោក Al-Sudani បានបន្តថា វិបត្តិបច្ចុប្បន្នមិនមែនផ្តើមចេញពីការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំនោះទេ គឺផ្តើមចេញពីគោលនយោបាយឧក្រិដ្ឋកម្មរបស់ក្រុមអាជ្ញាធរកាន់កាប់ ប្រឆាំងនឹងប្រជាពលរដ្ឋរបស់ពួកយើង នៅប៉ាឡេស្ទីន ដែលរួមបញ្ចូលទាំងការកាប់សម្លាប់ គោលនយោបាយផ្លាស់ទីលំនៅ និងការតាំងលំនៅនិគម ក៏ដូចជាការបំពានលើព្រះវិហារ al-Aqsa ។

សូមបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ដែលត្រូវរ៉ូវគ្នាជាមួយអ៊ីរ៉ង់ បានគំរាមមានគោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន បើសិនជាទីក្រុងវ៉ាស៊ីងតោន នៅតែធ្វើអន្តរាគមន៍គាំទ្រអ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្រ្ទីបបន្តទៀតនោះ ៕