តំបន់ហ្កាហ្សា កំពុងក្លាយជាទីបញ្ចុះសពកុមារ ប្រមុខUN ទាមទារឲ្យមានបទឈប់បាញ់

UN៖  លោក Antonio Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ ​ទី៦ ខែ​វិច្ឆិកាថា តំបន់ហ្កាហ្សាកំពុងក្លាយជាទីបញ្ចុះសពសម្រាប់កុមារ ដោយបាន​ទាមទារ​កាន់​តែខ្លាំង​ឱ្យ​មាន​បទ​ឈប់បាញ់នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ ជាទីដែលក្រុម​អាជ្ញាធរ​សុខាភិបាល ​ប៉ាឡេស្ទីន​បាន​និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលមានជាង ១០.០០០​នាក់។

ទាំងអ៊ីស្រាអែល ទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សានេះ សុទ្ធ​តែ​បាន​ច្រាន​ចោល​សម្ពាធពីអន្តរជាតិដែលកំពុងកើនឡើងសម្រាប់បទឈប់បាញ់ ។  អ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរ ដែលក្រុមហាម៉ាសបានចាប់ខ្លួន អំឡុងការវាយឆ្មក់ នៅភាគ​ខាង​ត្បូង​អ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា គួរតែត្រូវបានដោះលែងជាមុនសិន ។

ចំនែកក្រុម​ហាម៉ាស និយាយថា ខ្លួននឹងមិនដោះលែងពួកគេ ឬបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈ​តំបន់​ហ្កាហ្សា​កំពុង​ស្ថិតនៅក្រោមការវាយលុកខ្លាំងពីកងទ័ពអ៊ីស្រាអែល ។

ក្នុងនោះផងដែរ លោក Guterres បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រតិបត្តិការ​ថ្មើរ​ជើង​ដោយ​កង​កម្លាំង​ការពារ​អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់កំពុងវាយប្រហារជនស៊ីវិល មន្ទីរពេទ្យ ជំរំ​ជន​ភៀស​ខ្លួន វិហារអ៊ីស្លាម ព្រះវិហារផ្សេងៗ និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ រួម​ទាំង​ទី​ជម្រក ​។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ក្រុមហាម៉ាស និង​ពួក​សកម្មប្រយុទ្ធផ្សេងទៀត ប្រើប្រាស់ជនស៊ីវិលជាខែល និងបន្តបាញ់​រ៉ូកែត​ដោយ​មិន​រើស​មុខ​ឆ្ពោះ​ទៅ​រកអ៊ីស្រាអែល ដោយលោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ថ្នូរ​ទាំង​អស់​ជា​បន្ទាន់​ និងដោយគ្មានលក្ខខណ្ឌ ៕