ជំនួយវេជ្ជសាស្រ្តទម្លាក់ពីលើអាកាស ហ៊្សកដានី ឲ្យមន្ទីរពេទ្យរបស់ខ្លួននៅតំបន់ហ្គាហ្សា

បរទេស៖  ព្រះមហាក្សត្រហ៊្សកដានី និងសេចក្តីរាយការណ៍នៅលើសារព័ត៌មានរដ្ឋ បានឲ្យដឹងថា កងកម្លាំងអាកាសហ៊្សកដានី បានទម្លាក់ជំនួយវេជ្ជសាស្រ្តបន្ទាន់ពីលើអាកាសទៅឲ្យមន្ទីរពេទ្យកណ្តាលវាលហ៊្សកដានី ក្នុងតំបន់ហ្គាហ្សានៅព្រឹកថ្ងៃចន្ទនេះ  នេះយោងតាមការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitter ។

ព្រះមហាក្សត្រ Abdullah II បានសរសេរថា នេះគឺជាកាតព្វកិច្ចរបស់ពួកយើង ដើម្បីផ្តល់ជំនួយដល់ បងប្អូន ប្រុសស្រី របស់ពួកយើង ដែលបានរងរបួសក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា ។ ពួកយើងតែងតែនៅទីនោះ ដើម្បីបងប្អូន ប៉ាឡេស្ទីន ។  ទ្រង់មានព្រះបន្ទូលទៀតថា មន្រ្តីកងកម្លាំងអាកាសគ្មានការភ័យខ្លាចរបស់ពួកយើង បានទម្លាក់ជំនួយវេជ្ជសាស្រ្តបន្ទាន់ ពីលើអាកាសទាំងពាក់កណ្តាលយប់ ឲ្យមន្ទីរពេទ្យកណ្តាលវាលហ្សកដានី នៅក្នុងតំបន់ហ្គាហ្សា ។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ហ៊្សកដានី បានកោះហៅឲ្យវិលត្រឡប់មកវិញ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីស្រាអែល ហើយនិងបាននិយាយប្រាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលឲ្យនៅឆ្ងាយ ដើម្បីតវ៉ានឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយពួកគេនិយាយថា ការវាយប្រហារទាំងនេះ បានសម្លាប់ជនស្លូតត្រង់គ្មានកំហុស ហើយនិងបណ្តាលឲ្យកើតមានគ្រោះថ្នាក់មនុស្សធម៌ ។

នៅតំបន់ហ្គាហ្សា ក្រុមមន្រ្តីសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនជាង ៩.៧៧០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមឡើង ពេលដែលក្រុមជីវពលហាម៉ាស់ បើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ៕