ក្រុមចោរចំនួន២នាក់មានអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង
ខេត្តកំពត៖ ជនល្មើស នៅតែឆ្លៀតធ្វើសកម្មភាព ផ្សេងតាមតំបន់ដាច់ស្រយាល មកលើប្រជាពលរដ្ឋ ទោះបីជាសមត្ថកិច្ច ព្យាយាមល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមមូលដ្ឋានអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យ៉ាងណាក៏ដោយ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មានករណីក្រុមចោរចំនួន២នាក់ មានអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ សៅ សុភ័ក្ត្រ ជាអ្នកលក់ចាប់ហួយ និងប្តីឈ្មោះស សំបូរ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ស្ត្រីជាអ្នកលក់ចាប់ហួយរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរមានគ្នាចំនួន២នាក់ ម្នាក់ពាក់ម៉ាស់ ចំណែកម្នាក់ទៀតមិនបានពាក់ម៉ាស់ទេ បានចុះពីលើម៉ូតូហើយដើរសំដៅមករកគាត់ ដោយពួកគេនិយាយថារកទិញស្រាបៀរ ។ គ្រាន់តែពួកគេនិយាយមិនទាន់ចប់ពីមាត់ផង ស្រាប់តែចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយ័ត្នបាញ់សម្លាប់ចោល។ ពេលនោះគាត់បានដកទូរស័ព្ទចង់និយាយប្រាប់ប្ដី ដែលដឹកអីវ៉ាន់ដាក់ឲ្យម៉ូយដែរ តែក៏ត្រូវក្រុមចោរនោះវាយក្បាលគាត់មួយដៃ បណ្ដាលឲ្យហូរឈាមតាមច្រមុះ និងយកកាំភ្លើងវាយក្បាលគាត់ បណ្ដាលឲ្យឈាមជោកអាវថែមទៀត ។
ជនរងគ្រោះបានបន្តថា ក្រុមចោរបានព្យាយាមដោះយកកងដៃប្លាទីនមួយតម្លឹងមួយជីដែរ តែដោះមិនបាន គាត់ក៏បានប្រាប់ចោរថាយកកន្ត្រៃកាត់កងដៃយកទៅចុះ ព្រោះគាត់ខ្លាចចោរបាញ់ ។ បន្ទាប់ពីកាត់កងដៃបានហើយ ក្រុមចោរក៏បានប្រមូលលុយលក់ដូរអស់ និងបានទាញទ្វារបិទ រួចក្រុមចោរជិះម៉ូតូទៅទិសខាងត្បូងបាត់ ទើបម្ចាស់រត់តាមផ្លូវទ្វារក្រោយស្រែកឲ្យគេជួយ។ ភ្លាមៗនោះនគរបាលចុះមកដល់កន្លែងកើតហេតុសួរនាំដែរ តែពុំទាន់មានតម្រុយណាមួយពីក្រុមចោរនៅឡើយទេ ។
សូមបញ្ជាក់ថា : ចំពោះករណីដែលមានការរៀបរាប់ដោយជនរងគ្រោះ និងប្រជាពលរដ្ឋ ប៉ុន្តែគេពុំទាន់ទទួលព័ត៌មានច្បាស់ការនៅឡើយទេ ពីសមត្ថកិច្ចមូលដ្ឋានជុំវិញហេតុការណ៍ខាងលើនេះ ។ ប្រសិនបើមានករណីបែបនេះ ប្រជាពលរដ្ឋមានជំនឿថា កម្លាំងនគរបាលខេត្តកំពត មានវិធានការលឿនក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនល្មើស ។ ក៏ព្រោះថាលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត តែងតាមដានជាប្រចាំ ចំពោះបទល្មើសដែលកើតមានតាមបណ្ដាមូលដ្ឋាន ជំរុញឲ្យសមត្ថកិច្ចក្រោមឱវាទ យកចិត្តទុកដាក់តាមប្រមាញ់ ក្រុមជនល្មើស ទទួលលទ្ធផលវិជ្ជមានច្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ ៕