ការថែទាំកុមារអូទីស្សឹម រឿងសំខាន់គឺការអត់ធ្មត់

កុមារ នាពេលបច្ចុប្បន្ននេះ បានទទួលសិទ្ធសេរីភាពពេញលេញ​ ក្នុងការសិក្សា រៀនសូត្រ  និងចូលរួមគ្រប់សកម្មភាពសង្គម។ នៅក្នុងចំណោមកុមារទូទៅ មានកុមារមួយក្រុមដែលមានការវិវត្តនៃការគិតហាក់រៀងយូរ ដែលធ្វើឲ្យកុមារទាំងនោះហាក់សឹងតែត្រូវបានទុកចោលពីបរិស្ថានខាងក្រៅ ខណៈទទួលបានការថែទាំពីគ្រួសាររបស់កុមារផ្ទាល់តែប៉ុណ្ណោះ ។

 

អូទីស្សឹម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ចាត់​ទុក​ថា ជា​ពិការភាព​លើ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ពី​កំណើត ហើយ ​ដែល​តែង​តែ​ចាប់​ផ្ដើម​លេច​ចេញ​សញ្ញា​ឱ្យ​ដឹង​នៅ​ក្នុង​ដំណាក់​កាល​លូតលាស់​ដំបូង​របស់​កុមារ ជា​ពិសេស នៅ​មុន​អាយុ ៣​ឆ្នាំ ។

 

កុមារ​ដែល​មាន​បញ្ហា​អូទីស្សឹម គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ បញ្ហា​នេះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​ខួរ​ក្បាល​របស់​កុមារ​អូទីស្សឹម អភិវឌ្ឍ​ខុស​ពី​ខួរ​ក្បាល​របស់​កុមារ​ដទៃ ។ កុមារ​អូទីស្សឹម មិន​អាច​យល់​ពី​បរិយាកាស​ផ្សេងៗ​លើ​លោក​បាន​ទេ ។

 

លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេស ថ្លែងថា កុមារអូទីស្សឹមមានអការៈខុសគ្នា ពីកុមារម្នាក់ទៅកុមារម្នាក់ទៀត ជាទូទៅកុមារអូទីសឹម ១០០នាក់ គឺខុសគ្នាទាំង១០០នាក់ ជាហេតុធ្វើឱ្យគ្រូបង្រៀនពិសេស មានបន្ទុកកាន់តែច្រើនជាងគ្រូបង្រៀនធម្មតា ។

 

លោកស្រី ភោគ ម៉ានី បានលើកឡើងថា ៖ «ការបង្កើតសាលានេះដំបូងផ្តើមចេញពីខ្លួនខ្ញុំផ្ទាល់ និង​អ្នក​ជិត​ខាងមួយចំនួន​ប៉ុណ្ណោះ ។ យើងខ្វះខាតបន្ទប់រៀន អគារយើងតូច (ផ្ទះមួយល្វែង) ប៉ុណ្ណោះ​តែ​យើង​ជួយ​គ្នា ដើម្បីឱ្យកូនៗយើងបានសិក្សា រៀនសូត្រ និងក្លាយជាមនុស្សធម្មតាទូទៅនៅថ្ងៃអនាគត» ។

 

លោកស្រី ភោគ ម៉ានី   នាយិកាសាលាអប់រំពិសេស បានបន្តថា ៖« យើងនៅតែមានអ្នកមករកយើង ប៉ុន្តែបុគ្គលិករបស់យើងនៅ មិនទាន់មានការអភិវឌ្ឍ ជំនាញល្អប្រសើរនោះទេ យើងនៅតែពិភាក្សាគ្នារិះរកគ្រប់មធ្យោបាយជានិច្ច ។ ខ្ញុំនៅតែគិតអំពីកុមារៗ (អូទីស្សឹម) កម្រិតខ្ពស់ថា តើនៅពេលដែលគាត់រៀនចប់ហើយតើគាត់ទៅទីណា? តើគាត់អាចចូលរៀនសាលាផ្សេងបានឬអត់?»។

នាយិកា និងជាម្តាយម្នាក់ ដែលមានកូនរបស់ខ្លួន ជួបបញ្ហាអូទីស្សឹមនៅតែដាក់ទិសដៅ និងក្តីសង្ឃឹមថា កុមារអូទីស្សឹម ក្រោយពីទទួលបានសេវាកម្មអប់រំពិសេសត្រឹមត្រូវ នឹងអាចសម្របខ្លួនចូលទៅក្នុងសង្គមដូចជាកុមារដទៃទៀត និងអាចប្រកបការងារ ឬអាជីពពិតប្រាកដមួយ ដែលជាក្តីបំណងប្រាថ្នារបស់អាណាព្យាបាលរបស់កុមារគ្រប់ៗរូប។

 

លោក  ចាន់ សារិន នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ថ្លែងថា ៖«ប្រទេសកម្ពុជាយើងក៏ជួបបញ្ហាអូទីស្សឹមដែរ បើយើងមិនជួយកុមារអូទីស្សឹមទេ នោះពួកគាត់នឹងបាត់បង់អនាគតទាំងស្រុងហើយ ។ គាត់ (កុមារអូទីស្សឹម) អាចក្លាយជាមនុស្ស ដែលមានអកប្បកិរិយាកាន់តែធ្ងន់ធ្ងរ នឹងធ្វើឲ្យសង្គមយើងមានបញ្ហាដែរ។ សង្គមយើងចាត់ទុកអូទីស្សឹមជាមនុស្សមិនគ្រប់ទឹក មនុស្សឆ្កួត អ៊ីចឹងបើយើងមិនបានគិតគូរពីបញ្ហានេះទេ កុមារអូទីស្សឹមនឹងផាត់ចេញពីសង្គមដាច់ នោះយើងនឹងបាត់បង់ធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិរបស់យើង»។

 

លោក ចាន់ សារិន បន្តថា ៖«បទអន្តរាគមន៍ទាន់ពេលវេលា ជារឿងសំខាន់សម្រាប់ជួយកុមារអូទីស្សឹម ជាពិសេសក្នុងវ័យ៣៨ខែ យកពួកគាត់មកសាលាអោយបានទាន់ពេល ហើយសាលារៀន នឹងសហការណ៍ជាមួយឪពុកម្តាយ ដើម្បីធ្វើយ៉ាងណា ផ្តល់អោយគាត់ នូវបំនិនជីវិតឡើងវិញ។ ឧទាហរណ៍ថា ទី១-បង្រៀនអោយបង្កើនទំនាក់ទំនងឡើងវិញ ទី២-បង្កើនភាសាឡើងវិញ ទី៣-កាត់បន្ថយអប្បកិរិយា ទី៤អោយគាត់យល់ពីញានរបស់គាត់ឡើងវិញ»។

 

ឯកឧត្តមខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់បានជួយសង្គ្រោះកុមារអូទីស្សឹម និងផ្តល់ចំណីអាហារផ្ទាល់ ថ្លែងថា ការជួយរបស់សង្គមលើកុមារអូទីស្សឹម ជារឿងសំខាន់ណាស់ ទាំងថវិកា ទឹកចិត្ត សំដៅជួយសម្រាលបន្ទុករបស់គ្រួសាររបស់កុមារអូទីស្សឹមទាំងនោះផ្ទាល់ក៏ដូចជា សង្គម សហគមន៍ទាំងមូល ។

 

កញ្ញា ធី ដាណែត គ្រូបង្រៀនកុមារអូទីស្សឹម ថ្លែងថា កុមារអូទីស្សឹមមានអការៈខុសៗប្លែកគ្នាពីកុមារម្នាក់ទៅកាន់កុមារម្នាក់ទៀត ដែលសុទ្ធតែទាមទារការអត់ធ្មត់ សង្កេត និងធ្វើការថែទាំយ៉ាងពិសេសទាំងភាសា ការរស់នៅ និងទំនៀមទម្លាប់ក្នុងសង្គម ដែលកត្តាទាំងនេះហើយ គ្រប់សាលារៀនអប់រំពិសេសត្រូវការធនធានមនុស្ស ជាពិសេសគ្រូបង្រៀនកុមារទាំងនោះ ដោយសមត្ថភាពពិសេស។

 

កញ្ញា ធី ដាណែត បន្ថែមថា ៖«កុមារអូទីស្សឹម ជាពិសេសអាណាព្យាបាលរបស់កុមារទាំងនោះ មានភាពលំបាកណាស់ ទាំងស្មារតី និងគំនិត ដែលជាហេតុធ្វើឲ្យខ្ញុំស្រឡាញ់ ដោយភាពអាណិត បើខ្ញុំមិនធ្វើទេ តើបានអ្នកណាអាចជួយកុមារៗទាំងនោះបាន ដើម្បីចូលទៅរស់នៅក្នុងសង្គមវិញ»។

 

ការកំណត់ថាកុមារមានបញ្ហាអូទីស្សឹមត្រូវបានរកឃើញដំបូងបង្អស់ នៅលើពិភពលោកក្នុងឆ្នាំ១៩៤៣​ ដោយលោកលីអូហ្គាណេ អ្នកចិត្តសាស្រ្តកុមារនៅសកលវិទ្យាល័យ ចនហកឃីន យូនីវើលស៊ីធី សហរដ្ឋអាមេរិក។ រហូតដល់ឆ្នាំ២០២២នេះ មូលហេតុដែលបង្កអោយកុមារអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្រ្តរូបណារកឃើញច្បាស់លាស់នោះទេ ៕