តំបន់ហ្កាហ្សា ស្ទ្រីប ជនភៀសខ្លួជ្រកកោននៅមន្ទីរពេទ្យ បានបន្ថែមសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រ
បរទេស៖ នៅតំបន់ហ្កាហ្សា ស្ទ្រីប ជនភៀសខ្លួនរាប់ម៉ឺននាក់ បានទៅជ្រកកោន នៅតាមមន្ទីរពេទ្យក្នុងស្រុកនានា ដោយបង្កើនសម្ពាធកាន់តែខ្លាំងឡើង ទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដែលស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយនោះ ខណៈជម្លោះជុំថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង គិតត្រឹមថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ។
ប្រជាជនជាង ១,៤លាននាក់ នៃប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា ដែលមានប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ជាងមួយភាគបីនៃជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ ដោយមនុស្សរាប់សែននាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមជាដើម បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញ ។
មន្ទីរពេទ្យ ណាសសឺ (Nasser) គឺជាមន្ទីរពេទ្យធំជាងគេនៅទីក្រុងខាន់ យ៉ូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប ដោយជនភៀសខ្លួនជាង ១.៥០០០នាក់ បានស្នាក់នៅបោះតង់បណ្តោះអាសន្ននៅក្នុងទីលាននៃមន្ទីរពេទ្យមួយនោះ ហើយនៅខាងក្នុងស្ថាប័នវេជ្ជសាស្ត្រមួយនេះ មានមនុស្សពេញវ័យ និងកុមារជាច្រើនស្នាក់នៅតាមច្រករបៀងនៃទីធ្លាមន្ទីរពេទ្យ។
នាយកដ្ឋានសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានធ្វើការប៉ាន់ប្រមាណ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់មួយនេះ បានផ្ទុកប្រជាជនភៀសខ្លួនយ៉ាងហោចណាស់ ១០០.០០០នាក់។ សម្រាប់ជនភៀសខ្លួនទាំងនោះ ពួកគេគ្រាន់តែចង់ស្វែងរកទីជម្រកដែលមានសុវត្ថិភាពប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះក៏ដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកផងដែរ ៕