ប្រមុខរដ្ឋចិន៖ ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦ ជាគំរូអភិវឌ្ឍន៍ថ្មីសម្រាប់ពិភពលោក

ចិន៖ លោក ស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានផ្ញើសារលិខិតមួយទៅកាន់ព្រឹត្តិការណ៍នៃពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិន (ហៅកាត់ថា CIIE) លើកទីប្រាំមួយ ស្ថិតនៅទីក្រុងសៀងហៃ កាលពីថ្ងៃអាទិត្យ។
ប្រមុខរដ្ឋចិន លោក Xi បានចង្អុលបង្ហាញនៅក្នុងលិខិតនោះថា ចាប់តាំងពីឆ្នាំ ២០១៨ មក ពិព័រណ៌ CIIE បានប្រារព្ធឡើងដោយជោគជ័យចំនួន ៥ ដងរួចមកហើយ តាមរយៈការប្រើប្រាស់ភាពខ្លាំងនៃទីផ្សារដ៏ធំសម្បើមរបស់ប្រទេសចិន ដោយមុខងារនៅក្នុងវេទិកានៃពិព័រណ៍នេះ បានផ្តល់ភាពពេញលេញដល់អន្តរជាតិ រួមមាន ការលើកកម្ពស់ដល់ការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការបើកចំហជាដើម ហើយក៏បានរួមចំណែកជាវិជ្ជមាននៅក្នុងការបង្កើតគំរូចំពោះការអភិវឌ្ឍន៍ថ្មីៗ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ។

លោកប្រធានាធិបតី Xi បានកត់សម្គាល់ទៀតថា បច្ចុប្បន្ននេះ ការស្ទុះងើបឡើងវិញនៅក្នុងវិស័យសេដ្ឋកិច្ចពិភពលោក ហាក់នៅខ្វះចន្លោះច្រើន ដូចនេះ វាតម្រូវឱ្យប្រទេសទាំងអស់ធ្វើការរួមគ្នា និងបន្តអភិវឌ្ឍន៍រួមគ្នា ។ បន្ថែមពីនេះ លោក Xi ក៏បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងតែងតែជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍ពិភពលោក ហើយចិនបន្តប្តេជ្ញាចិត្តក្នុងការជំរុញឱ្យមានលក្ខណៈបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចកាន់តែបើកចំហ មានតុល្យភាព និងបង្កើតឱ្យមានផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ។

ក្រៅពីនេះ លោក Xi បានសម្តែងក្តីសង្ឃឹមថា ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) នឹងឈានទៅមុខរហ័សជាងមុន ដើម្បីធ្វើឱ្យមុខងារសម្រាប់ការកសាងគំរូអភិវឌ្ឍន៍ថ្មីបានប្រសើជាងមុន ក៏ដូចជា ផ្តល់ឱកាសថ្មីសម្រាប់ពិភពលោកជាមួយនឹងការអភិវឌ្ឍន៍ថ្មី តាមរយៈការបង្វែរទីផ្សារដ៏ធំរបស់ប្រទេសចិនទៅជាទីផ្សារមួយដែលចែករំលែកពីគ្រប់មជ្ឈដ្ឋាន ។ លោក Xi បានកត់សម្គាល់ដែលថា ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) គួរបើកចំហរបន្ថែមសម្រាប់ទំនិញ និងសេវាកម្មសាធារណៈអន្តរជាតិដែលចែករំលែកដោយពិភពលោកទាំងមូល ដើម្បីជួយសម្រួលដល់ការកសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហ និងអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ អាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។

គួរបញ្ជាក់ថា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទីប្រាំមួយ បានប្រារព្ធទៅនៅឯទីក្រុងសៀងហៃកាលពីថ្ងៃអាទិត្យ ក្រោមប្រធានបទ “ចែករំលែកអនាគតនៅក្នុងយុគសម័យថ្មី”។ ព្រឹត្តិការណ៍នេះ ទទួលបានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ ៕ ប្រភព៖ Reuters