អ៊ីស្រាអែលវាយប្រហារសម្លាប់កុមារ ៣ នាក់នៅលីបង់ ក្រុមហេសបូឡាថានឹងទទួលផលចំពោះទង្វើនេះវិញ
បរទេស៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿង នៅប្រទេសលីបង់ភាគខាងត្បូង បានបណ្តាលឲ្យកុមារបីនាក់ និងជីដូនរបស់ពួកគេ ស្លាប់ កាលពីថ្ងៃអាទិត្យ ដោយបានហៅការវាយប្រហារនេះថាជា «ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់» ដែលអ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ បើតាមសមាជិកសភាក្រុមហេសបូឡា បានលើកឡើង ។
លោក Hassan Fadlallah សមាជិកសភា បាននិយាយថា ម្តាយរបស់កូនបីនាក់ ជាក្មេងស្រីអាយុចន្លោះពី ៨ ទៅ ១៤ ឆ្នាំ បានរងរបួសនៅក្នុងការវាយប្រហារទៅលើរថយន្តមួយគ្រឿង ខណៈរថយន្តកំពុងបើកបរនៅចន្លោះភូមិ Aynata និងភូមិ Aitaroun នៅជិតព្រំដែនប្រទេសអ៊ីស្រាអែល ។
លោក Fadlallah បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងសេចក្តីថ្លែងការណ៍ថា «សត្រូវនឹងទទួលផលចំពោះទង្វើដែលខ្លួនបានធ្វើ សម្រាប់ឧក្រិដ្ឋកម្មមកលើជនស៊ីវិល» ។ ដោយត្រូវបានសួរអំពីការរាយការណ៍មុនៗ ពីប្រភពសន្តិសុខក្នុងប្រទេសលីបង់ ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សបីនាក់នៅក្នុងរថយន្តនៅជិតភូមិ Aynata អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពបានចេញសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃអាទិត្យអំពីការវាយប្រហារ នៅក្នុងប្រទេសលីបង់ ។
អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ប្រដាប់ដោយអាវុធធុនធ្ងន់ បាននិងកំពុងបាញ់តគ្នានៅព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែល បានធ្លាក់ចូលក្នុងសង្រ្គាមចាប់តាំងពីថ្ងៃទី ៧ ខែតុលា ។ វាបានកត់សម្គាល់អំពើហិង្សាដ៏ឃោឃៅបំផុតនៅទូទាំងព្រំដែនចាប់តាំងពីប្រទេសអ៊ីស្រាអែល និងហេសបូឡា ប្រយុទ្ធគ្នាក្នុងសង្រ្គាមនៅក្នុងឆ្នាំ ២០០៦មក។