សម្ដេចធិបតីបញ្ជាក់អំពីគម្រោងតាមប្រព័ន្ធបច្ចេកវិទ្យា ផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយ​ចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាម​ប្រព័ន្ធបច្ចេកវិទ្យា។

ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង​ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវ​ថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវា​សាធារណៈមួយ​ចំនួន​តាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ​ស្រុកតែម្ដង ពោលគឺមិនមែន​មានន័យថា​ ដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ ។

សម្ដេចធិបតី បានគូសបញ្ជាក់ក្នុងន័យដើមថា «ខ្ញុំសូមបញ្ជាក់ថា ការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថា​ពីមុនក្រសួង​ប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់​អាចធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ​ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយ​របស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាម​អនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។

សូមបញ្ជាក់ថា សម្ដេចធិបតី បានរម្លឹកបញ្ជាក់អំពីគម្រោងការមួយនេះ បន្ទាប់ពីបានមាន​ប្រសាសន៍​ច្រើនអំពីលទ្ធផល នៃការផ្ទេរមុខងារ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់​ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសារៈសំខាន់ នៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ជាពិសេសការពង្រឹងសមត្ថភាពមន្រ្តី ​ដើម្បីឆ្លើយតបគោលនយោបាយពង្រឹងសេវាសាធារណៈ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា។

ថ្លែងអំពីបច្ចេកវិទ្យា ភ្ជាប់នឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចធិបតី បាន​បន្តថា«បច្ចេកវិទ្យា ជាបច្ចុប្បន្ន និងទៅអនាគត! យើងត្រូវដើរ ហើយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាជាមុនតែម្ដង។ វាក៏ដូចមេមាន់ ​និងពងមាន់ ដែលគេសួរថា មួយណាកើតមុន? តើរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទាល់តែប្រជាពលរដ្ឋយើង​ប្រើទាំងអស់ ឬមួយក៏យើងត្រូវរៀបមុនដើម្បីឱ្យពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ ហើយចាប់ផ្ដើមពីចំនួនតិច ទៅជាប្រើប្រាស់ទូលំទូលាយ? ​អ៊ីចឹងយើងត្រូវដើរមុន រៀបចំឱ្យបាន»។

គួរកត់សម្គាល់ថា អាទិភាពគន្លឹះ​ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ​ដឹកនាំ​ដោយសម្ដេចធិបតី បាន​ចាត់ទុក«បច្ចេកវិទ្យាឌីជីថល» ជាគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច ​និងសង្គមកម្ពុជា។ រដ្ឋាភិបាលនីតិកាលទី៦ ក៏បានដាក់ចេញនូវគោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ​«កសាង​រដ្ឋាភិបាលឌីជីថល​ដើម្បីលើកកម្ពស់គុណភាពជីវិត ​និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើ​សេវាសាធារណៈឱ្យកាន់តែប្រសើរ»៕