ការតវ៉ាពីប្រជាជនអ៊ីស្រាអែល នៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី Netanyahu
អ៊ីស្រាអែល៖ នៅខាងក្រៅគេហដ្ឋានរបស់ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu នគរបាលបានរារាំងក្រុមបាតុករដែលធ្វើបាតុកម្ម កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ខណៈមានកំហឹងផ្ទុះឡើងកាន់តែខ្លាំង ចំពោះការបរាជ័យ ដែលនាំឱ្យមានការវាយប្រហារដ៏សាហាវ កាលពីខែមុនដោយក្រុមខ្មាន់កាំភ្លើង ហាម៉ាស លើសហគមន៍ជុំវិញតំបន់ហ្កាហ្សា ។
ហ្វូងមនុស្សរាប់រយនាក់បានរុញច្រានរនាំង របស់នគរបាលជុំវិញគេហដ្ឋានរបស់លោក Netanyahu ព្រមទាំងគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ក្នុងក្រុងហ្សេរ៉ុយសេឡឹម(Jerusalem) ។
ការតវ៉ាដែលបានកើតឡើងស្របពេលមានការស្ទង់មតិមួយ ដែលបង្ហាញពីប្រជាជនអ៊ីស្រាអែលច្រើនជាង ៣ភាគ៤ជឿថាលោក Netanyahu គួរតែលាលែងពីតំណែងនោះ ដោយគូសបញ្ជាក់អំពីកំហឹងសាធារណៈ ដែលកំពុងរាលដាលចំពោះមេដឹកនាំនយោបាយ និងសន្តិសុខរបស់ខ្លួន ។
លោក Netanyahu រហូតមកដល់ពេលនេះ មិនទាន់ទទួលយកការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការបរាជ័យដែលនាំឱ្យមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានឃើញខ្មាន់កាំភ្លើងហាម៉ាសរាប់រយនាក់ បានសម្រុកចូលភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងចាប់មនុស្សយ៉ាងហោចណាស់ ២៤០នាក់ជាចំណាប់ថ្នូរផងដែរ ៕