ខណៈពេលយន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារជំរំជនភៀសខ្លួន ហ្កាហ្សា មនុស្ស ៣៨នាក់ស្លាប់ ស្របអ៊ីស្រាអែល បដិសេធការជំរុញរបស់អាមេរិក ឱ្យផ្អាកការប្រយុទ្ធគ្នា

បរទេស៖ យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានវាយ​ប្រហារ​ជំរំជនភៀសខ្លួននៅតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃអាទិត្យ ដោយបាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស នេះបើតាមមន្ត្រីសុខាភិបាលបានលើកឡើង ។

ការវាយប្រហារនេះបានកើតឡើងស្របពេល ដែលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបន្ត​ការ​វាយ​លុក កំទេចដែនដីរបស់មេដឹកនាំក្រុមហាម៉ាស ទោះបីជា​មាន​ការ​អំពាវនាវ​ពី​សហរដ្ឋ​អាមេរិក ​ឱ្យ​ផ្អាក​ការប្រយុទ្ធគ្នា ដើម្បីផ្ដល់ឱកាសឲ្យជនស៊ីវិលកំពុងរងទុក្ខ ទទួលបានជំនួយ ក៏ដោយ ។

ការស្នើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់លោកនៅក្នុងតំបន់យ៉ាងណាក្តី ក៏អ៊ីស្រាអែល បានច្រានចោលគំនិតនៃការបញ្ឈប់ការវាយលុករបស់ខ្លួន សូម្បីតែសម្រាប់ការផ្អាក ប្រយុទ្ធសម្រាប់មនុស្សធម៌រយៈពេលខ្លី ។ ផ្ទុយទៅវិញ ប្រទេសនេះបានលើកឡើងថា ក្រុមហាម៉ាសកំ​ពុង​រង​សម្ពាធ​ខ្លាំង​ពីកងកម្លាំង​ពេញ​បន្ទុក នៃកងទ័ពរបស់ខ្លួន ។

លោក Yoav Gallant  រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា អ្នកគ្រប់​គ្នា​ដែល​ស្ថិត​នៅក្នុងទីក្រុងហ្កាហ្សា កំពុងតែប្រឈមគ្រោះថ្នាក់ដល់ជីវិត ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Medhat Abbas  បាននិយាយនៅថ្ងៃអាទិត្យថា ការវាយ​ប្រហារតាមអាកាស បានប៉ះចំប្រហារជំរំជនភៀសខ្លួន ម៉ាកហាហ្ស៊ី (Maghazi) នៅ​កណ្តាលតំបន់ហ្កាហ្សាទាំងយប់អាធ្រាត្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨ នាក់ និង​រាប់សិបនាក់ទៀតរងរបួស៕