អ៊ីស្រាអែល និងពីតំបន់កាន់កាប់វ៉េសប៊ែង បានបញ្ជូន កម្មករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ត្រឡប់វិញ
បរទេស៖ កម្មករ និងពលករអ្នកស្រុកហ្គាហ្សារាប់ពាន់នាក់ ដែលឆ្លងកាត់ព្រំដែនចូលទៅប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់វ៉េសប៊ែង ត្រូវបានបញ្ជូនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា កន្លងមកនេះ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ។
អ្នកសារព័ត៌មានទាំងនោះ បានប្រាប់ថា កម្មករអ្នកស្រុកតំបន់ហ្គាហ្សាមួយចំនួន បានវិលត្រឡប់ទៅវិញតាមរយៈព្រំដែន Kerem Shalom ដែលឆ្លងកាត់ភាគខាងកើតនៃព្រំដែន Rafah ដែលជាច្រកចេញចូលរវាងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប ។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា កម្មករមកពីតំបន់ហ្គាហ្សា ដែលស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃផ្ទុះសង្រ្គាមនោះ នឹងត្រូវបញ្ចូនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ។
កម្មករដែលឆ្លងចូលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បាននិយាយថា ពួកគេត្រូវបានអាជ្ញាធរអ៊ីស្រាអែល ចាប់ឃុំខ្លួន និងធ្វើបាប បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមហាម៉ាស កាលថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលភាគខាងត្បូង។ ជាមួយគ្នានេះ គេឃើញថា កម្មករខ្លះនៅមានស្ទិគ័រប្លាស្ទិក ដែលមានលេខ ជុំវិញជើងរបស់ពួកគេ៕