សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃ សុក្រ ទី៣ ខែវិច្ឆិកា ឆ្នំា២០២៣

-កងយោធាអ៊ីស្រាអ៊ែលបាននិយាយថា ខ្លួនបានឡោមព័ទ្ធទំាងស្រុង ជុំវិញទីក្រុងហ្គាហ្សា ហើយបានធ្វើការវាយប្រហារតម្រង់គោលដៅប៉ុស្តិ៍ជួរខាងមុខ និងបញ្ជាការដ្ឋាន រួមទំាងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមចលនាហាម៉ាស់ដទៃទៀតនៅព្រឹកថ្ងៃសុក្រនេះ។

-ស្ថិតនៅក្នុងសភាពការណ៍កំពុងតែវរវឹកនេះដែរ អង្គការសហប្រជាជាតិ ឯណោះបានលើកឡើងថា ជម្រកស្នាក់អាស្រ័យហើយធ្វើជាសាលារៀនបណ្តោះអាសន្នចំនួន៤ទីតំាង នៅក្នុងតំបន់ហ្គាហ្សារងការខូចខាតទំាងស្រុង ដោយសារតែការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពីសំណាក់កងយោធាអ៊ីស្រាអ៊ែល។

-ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់សហប្រជាជាតិ ដើម្បីពលរដ្ឋប៉ាឡេស្ទីនឬហៅកាត់ថា(UNRWA)បាននិយាយនៅថ្ងៃនេះដែរថា មានពលរដ្ឋចំនួន២០នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ នៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅជំរុំជនភៀសខ្លួនចាបាលីយ៉ា(Jabalia)។

-រីឯសាលារៀនជាច្រើនទៀតដែលស្ថិតនៅជំរុំជនភៀសខ្លួនតាមបណ្តោយមាត់ឆ្នេរសមុទ្រ រួមបញ្ចូលទំាងជំរុំជនភៀសខ្លួន អាល់ ប៊ើជេហ្វ (Al Bureij)ផងនោះក៏រងការខូចខាតដែរ ចេញពីការវាយប្រហារ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់នៅព្រឹកមិញ។

-ចាប់តំាងពីថ្ងៃទី៧ ខែតុលានោះមក កងយោធាអ៊ីស្រាអ៊ែល បានបើកការវាយប្រហាររាប់ពាន់ដង ទៅលើដែនដីហ្គាហ្សា ខណៈដែលអង្គការសហប្រជាជាតិមិនបានរិះគន់ ទៅលើការខូចខាតដល់សាលារៀននោះឡើយ ដោយគ្រាន់តែអំពាវនាវសូមឱ្យមានបទឈប់បាញ់គ្នាតែប៉ុណ្ណោះ ។

-កងយោធាអ៊ីស្រាអ៊ែល បានចាប់ផ្តើមបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំ ទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីក្រុមនេះបានធ្វើការវាយប្រហារមកលើទឹកដីអ៊ីស្រាអ៊ែល បណ្តាលឱ្យស្លាប់មនុស្សប្រមាណជា ១,៤០០នាក់ និងចាប់ពង្រាត់ពលរដ្ឋអ៊ីស្រាអ៊ែលធ្វើជាចំណាប់ខ្មំាងច្រើនជាង២០០នាក់ផ្សេងទៀត នៅក្នុងដែនដីហ្គាហ្សា។

-ស្ថិតនៅក្នុងសភាពការណ៍កោលាហលដោយសារតែវិបត្តិសង្គ្រាមនេះដែរ ខាងភាគីអ៊ីស្រាអ៊ែលនិយាយថា ខ្លួនបានវាយប្រហារចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ រាប់បញ្ចូលទំាងផ្លូងរូងក្រោមដី និងជើងទម្ររ៉ុក្កែតសម្រាប់បាញ់ផ្លោងជាច្រើនទីតំាងដទៃទៀត ខណៈតួលេខអ្នកស្លាប់នៅមិនទាន់បានប្រមែប្រមូលទិន្នន័យអស់នៅឡើយ នៅជុំវិញបរិវេណដែនដីហ្គាហ្សា ។

-ចំពោះតួលេខអ្នកស្លាប់របស់ភាគីប៉ាឡេស្ទីនឯណោះវិញ ត្រូវបានក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមចលនាហាម៉ាស់បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៩,០០០នាក់ហើយ។

-ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន និងទីប្រឹក្សាជាន់ខ្ពស់របស់លោក បានធ្វើការព្រមានដល់ប្រទេសអ៊ីស្រាអ៊ែល អំពីការប្រើប្រាស់កម្លំាងហួសហេតុ ដែលអាចបង្កឱ្យផលលំបាកដោះស្រាយ ខណៈដែលសកលលោកទំាងមូល បង្កើននូវការថ្កោលទោសទៅលើអ៊ីស្រាអ៊ែល ដែលនំាឱ្យមានការឈានដល់មានភាពទុក្ខសោកទ្រង់ទ្រាយធំលើវិបត្តិមនុស្សធម៌ ។

-គិតត្រឹមថ្ងៃសុក្រទី៣ ខែវិច្ឆិកានេះ មានជនបរទេស ចំនួន៣៤១នាក់ ហើយបានធ្វើដំណើរចាកចេញពីតំបន់ហ្គាហ្សា ដោយឆ្លងកាត់តាមច្រករបៀងរ៉ាហ្វា នេះបើតាមក្រុមមន្ត្រីរបស់ប្រទេសអេហ្ស៊ីប បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយស៊ីអិនអិន (CNN) ។ នៅក្នុងចំណោមជនបរទេសដែលធ្វើដំណើរចាកចេញនោះ ក៏មានពលរដ្ឋស៊ីវិលអាមេរិកំាងច្រើននាក់ដែរ ៕ ប្រភព៖ BBC/CNN