ក្រោយធ្វើការរំលូតកូន ស្ត្រីម្នាក់ បានបាត់បង់ជីវិត

បាត់ដំបង៖ ករណីបណ្ដាលឲ្យស្ត្រី ដែលមានគភ៌រងរបួស និងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ មានទីលំនៅរស់នៅខេត្តប៉ៃលិន ដោយបានទៅរំលូតកូននៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង ខណៈទៅជូបគ្រួពេទ្យឆ្មបមធ្យមម្នាក់ ឈ្មោះ ធឿន នឿន (ណាក់) ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣:១០នាទីរសៀល ។

ស្ត្រីរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅបណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ករណីនេះ គ្រូពេទ្យបានព្យាយាមរំលូតកូនឱ្យជនរងគ្រោះ ក្នុងផ្ទៃជនរងគ្រោះដែលមានអាយុ ៥សប្តាហ៍ (ដោយការប្រើទុយោបូបយកកូនចេញ) រហូតជនរងគ្រោះមានសភាពឈឺធ្ងន់ រួចបញ្ចូនទៅព្យាបាល សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបានបញ្ជូនព្យាបាលជំងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំង រហូតដល់រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹង ។

ស្ត្រីជាគ្រូពេទ្យឆ្មប ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាស្តា កាលពីថ្ងៃទី៣១ ខែតុលា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ពីបទបានធ្វើការរំលូតកូនឱ្យស្ត្រីម្នាក់ស្លាប់ រួចបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕