ការស្លាប់របស់ជនស៊ីវិល នៅតំបន់ហ្គាហ្សា សមាជិកព្រឹទ្ធសភាអាមេរិកថា គឺមិនមែនជាបញ្ហា នោះឡើយ
អាមេរិក៖ លោក Lindsey Graham ជាសមាជិកព្រឹទ្ធសភា បានអះអាងថា សហរដ្ឋអាមេរិក គួរតែឈរនៅខាងអ៊ីស្រាអែល ក្នុងយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស់ មិនថាមានចំនួន ជនស៊ីវិលស្លាប់ច្រើនប៉ុណ្ណា នៅក្នុងហ្គាហ្សានោះទេ ។ លោកបានប្រដូចប្រតិបត្តិការ យោធា របស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ទៅនឹងការតស៊ូរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ និងជប៉ុន ក្នុងអំឡុង សង្រ្គាមលោកលើកទីពីរ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក Graham ត្រូវបានសួរថាតើមាន “កម្រិត” សម្រាប់លោកដែរឬទេ បន្ទាប់ពីនោះលោកនឹងចាប់ផ្តើមសួរសំណួរ អំពីយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សាធារណរដ្ឋរូបនេះ បានឆ្លើយតបដោយអវិជ្ជមាន ដោយនិយាយថា មិនមានដែនកំណត់ចំពោះ “អ្វីដែលអ៊ីស្រាអែលគួរធ្វើ ចំពោះប្រជាជន ដែលព្យាយាម សំលាប់ជនជាតិជ្វីហ្វនោះទេ» បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង។
សមាជិកព្រឹទ្ធសភាបានទទូចថា “គំនិតនេះដែលអ៊ីស្រាអែល ត្រូវតែសុំទោសចំពោះការវាយប្រហារ លើក្រុមហាម៉ាស់ ដែលបង្កប់ដោយប្រជាជនរបស់ពួកគេ ចាំបាច់ត្រូវបញ្ឈប់” ដោយបន្ថែមថា វាគឺជាក្រុមហាម៉ាស់នោះទេដែល “បង្កើតអ្នកស្លាប់ទាំងនេះ មិនមែន អ៊ីស្រាអែលឡើយ”។
លោក Graham បានកត់សម្គាល់ថា អ៊ីស្រាអែលចាំបាច់ត្រូវ “មានភាពឆ្លាតវៃ” ដោយព្យាយាម “កំណត់ចំនួនបាត់បង់ជីវិតរបស់ជនស៊ីវិល” ។ សមាជិកសភាអាមេរិក លោក Lindsey Graham ក៏បានអំពាវនាវឱ្យផ្តល់ជំនួយមនុស្សធម៌ដល់ “តំបន់ដែលការពារជនស្លូតត្រង់” ផងដែរ៕