ក្រុមហាម៉ាស៖ មនុស្សរាប់រយនាក់បានស្លាប់ ឬត្រូវកប់ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ចាបាលីយ៉ា
បរទេស៖ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ឬត្រូវកប់នៅក្រោមកំទេចថ្ម បន្ទាប់ពីការវាយប្រហារបស់អ៊ីស្រាអែល២ថ្ងៃលើជំរុំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលការវាយប្រហារនោះ ត្រូវបានក្រុមមន្រ្ដីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អាចឈានឧក្រឹដ្ឋកម្មសង្រ្គាមទៀតផង បើតាមក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងនេះ។
កងទ័ពអ៊ីស្រាអែលដែលបញ្ចេញវីដេអូកាលពីថ្ងៃពុធ បាននិយាយថា យុទ្ធនាការយោធារបស់ពួកគេតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស មានគោលបំណងបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមនេះ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។
អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ និងថ្ងៃពុធ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា បានសម្លាប់មេទ័ពហាម៉ាសពីរនាក់ និងពួកសកម្មប្រយុទ្ធផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះដែរ ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយថា មនុស្សយ៉ាងហោចណាស់មនុស្ស១៩៥នាក់ ត្រូវបានសម្លាប់ និង១២០នាក់ទៀត បាត់ខ្លួននៅក្រោមគំនរថ្ម និង៨០០នាក់រងរបួស។ក្រុមប្រដាប់អាវុធរបស់ខ្លួន បាននិយាយកាលពីពេលមុននេះថា ចំណាប់ថ្នូរស៊ីវិល៧នាក់ បានស្លាប់ ក្នុងការវាយប្រហារនៅចាបាលីយ៉ា ក្នុងនោះរួមមាន អ្នកកាន់លិខិតឆ្លងដែនបរទេសចំនួន៣នាក់ផងដែរ ។
អ្នកយកពត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ពីចំនួនអ្នកស្លាប់ទាំងនេះបានទេ។ ប៉ុន្ដែរូបភាពផ្កាយរណបបានបង្ហាញពីវិសាលភាពនៃការខូចខាតធំធេងក្នុងតំបន់នោះ។
ប្រធានគណៈកម្មាការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនមានការព្រួយបារម្ភចំពោះការស្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia)ដែលជាជំរំជនភៀសខ្លួនធំបំផុតក្នុងតំបន់ហ្កាហ្សា ។
ប្រធានគណះកម្មាការសិទ្ធិមនុស្សនិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការវាយប្រហាមិនសមាមាត្រទាំងនេះអាចបង្កើនអោយមានឧក្រិដ្ឋកម្មសង្រ្គាម។ ខណៈនេះ មានជនបរទេសបន្ថែមទៀត បានត្រៀមខ្លូនចាកចេញពីតំបន់ឡោមព័ទ្ធនៅថ្ងៃព្រហស្បតិ៍នេះខណៈមន្រ្ដីតំបន់ហ្កាហ្សានិយាយថា ពួកគេនឹងបើកឲ្យឆ្លងទៅប្រទេសអេហ្ស៊ីបសម្រាប់ពួកគេទាំងនេះ។
ពលរដ្ឋបរទេសជាង៣០០នាក់ បានចាកចេញ កាលពីថ្ងៃពុធ ដោយស្ថិតនៅក្រោម កិច្ចព្រព្រៀងមួយរវាងប្រទេសអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស ដែលសម្របសម្រួលដោយប្រទេសកាតា៕