ការសិក្សានៅបរទេស និស្សិត វៀតណាម ប្រហែល ៤០.០០០ នាក់ ក្នុងមួយឆ្នាំៗ

វៀតណាម៖ ប្រជាជនវៀតណាម ប្រមាណ ៤ ម៉ឺននាក់ ទៅសិក្សានៅបរទេស ក្នុងមួយឆ្នាំៗ ដែលបានកើនឡើង ២,៥ ដង បើធៀបនឹងតួលេខមុនឆ្នាំ ២០១៣ យោងតាមមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល របស់វៀតណាម បានលើកឡើង ។

 ថ្លែងសុន្ទរកថាក្នុងអង្គប្រជុំត្រួតពិនិត្យរយៈពេល ១០ ឆ្នាំនៃការ អនុវត្តសេចក្តី សម្រេចស្តីពីការអប់រំ និងការបណ្តុះបណ្តាលនវានុវត្តន៍ជាមូលដ្ឋាន និងទូលំទូលាយ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃអង្គារ លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននេះ មាននិស្សិតវៀតណាមជិត ២០០.០០០ នាក់ ដែលកំពុងសិក្សានៅបរទេស នៅកម្រិតវិទ្យាល័យ សាកលវិទ្យាល័យ និងកម្រិតក្រោយឧត្តមសិក្សា នេះបើយោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។

ចំណែកចំនួននិស្សិតបរទេស ក្នុងប្រទេសវៀតណាម ក៏បានកើនឡើងផងដែរ នៅក្នុងទសវត្សរ៍មុន ដែលឈានដល់ប្រហែល ២២.០០០ នាក់នាពេលបច្ចុប្បន្ន ដែលក្នុងនោះជិត ៤.០០០នាក់ មកវៀតណាមក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។

ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រសួងបានចរចា យ៉ាងសកម្ម និងបានចុះហត្ថលេខាលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀង អន្តរជាតិចំនួន១៦១ លើកកម្ពស់ទំនាក់ទំនង ជាមួយប្រទេសនិងដែនដី ជាង ១០០ និងបានចូលរួមក្នុងយន្តការអនុតំបន់ ថ្នាក់តំបន់ និងអន្តរតំបន់មួយចំនួន ដូច្នេះហើយបានបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល នេះបើយោងតាមមន្ត្រីរូបនេះ។

ក្នុងរយៈពេលនេះ មានអនុស្សរណៈ នៃការយោគយល់ និងកិច្ចព្រមព្រៀងចំនួនជាង ៣.៥០០ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ដែលបានចុះហត្ថលេខារវាងស្ថាប័នអប់រំវៀតណាម និងបរទេស ៕