រូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ ពិភពលោកគួររៀនសូត្រ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានលើកឡើងថានយោបាយ ឈ្នះ ឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រតាម ។
ការលើកឡើងរបស់ឯកឧត្តមនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី២៦ ខែតុលា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមាន ឈ្នះ ឈ្នះ ។ សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយ ឈ្នះ ឈ្នះ ។ នេះបើតាមការបង្ហោះរបស់ឯកឧត្តមក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ។
ឯកឧត្តមរៀបរាប់បន្តថា “និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកនិងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឲ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឲ្យទៅជាសន្តិភាព ដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា២០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ” ។
ឯកឧត្តមថា ដែលហៅថា នយោបាយ ឈ្នះ ឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ
ទី១៖ ធានាអាយុជីវិត
ទី២៖ ធានាអាជីពនិងមុខរបរ
និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។
ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។
ឯកឧត្តម ប៉ែន បូណា បង្ហាញសំណេរទៀតថា ជាក់ស្តែង ខណៈប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាមនិងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ។ ខណៈប្រជាជនរាប់រយលាននាក់ លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា«អរគុណសន្តិភាព» ។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់ ។
ចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលមានបេះដូងធំទូលាយនោះ ឯកឧត្តមថា ក៏បានត្រៀមខ្លួនជានិច្ចក្នុងការចែករំលែករូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណា ដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់បង់ ងាយនឹងធ្វើឲ្យមនុស្សស្កប់ស្កល់ នឹងងាយបំភ្លេចចោល ប៉ុន្តែសន្តិភាពជារបស់ដែលពិបាករកបំផុតប្រសិនបើរបូតចេញពីដៃទៅ ពោលគឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ ៕