នៅព្រឹកថ្ងៃអាទិត្យនេះ ទាហានអ៊ីស្រាអ៊ែលបន្តបង្កើនវាយប្រហារ ប៉ះចំជំរុំជនភៀសខ្លួនវេសស្បែងបង្កឱ្យស្លាប់់មនុស្ស១៣នាក់ មានកុមារតូចៗ៥នាក់
បរទេស៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា នេះថា កងយោធាអ៊ីស្រាអ៊ែល បានបើកការវាយប្រហារបន្ថែមទៀត ទៅលើតំបន់វេសស្បែង ហើយបានប៉ះទៅលើជំរុំជនភៀសខ្លួនជាតិប៉ាឡេស្ទីន បណ្តាលឱ្យស្លាប់មនុស្សភ្លាមៗចំនួន១៣នាក់ ដោយយោងតាមបណ្តាញផ្សព្វផ្សាយ របស់ប្រទេសអង់គ្លេសប៊ីប៊ីស៊ី បានរាយការណ៍ឱ្យដឹង។
នៅក្នុងចំណោមជនភៀសខ្លួន ដែលស្លាប់ដោយសារតែការវាយប្រហារ ពីសំណាក់កងយោធាអ៊ីស្រាអ៊ែលនោះ មានកុមារតូចៗចំនួន៥នាក់ តាមការឱ្យដឹងពីភាគីអង្គការសហប្រជាជាតិ ឯណោះវិញបានលើកឡើងដែរ ។
ស្ថិតនៅក្នុងសភាពការណ៍កំពុងតែអ័ព្ទអួរនេះដែរ ភាគីខាងទីភ្នាក់ងារសង្រ្គោះរបស់សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅតំបន់ភាគខាងកើតវេសស្បែង ឬហៅកាត់ថា(UNRWA) បានលើកឡើងដែរថា កងយោធាអ៊ីស្រាអ៊ែលបានបាញ់ប្រហារលើជនស៊ីវិល បង្កឱ្យស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ។
នៅក្នុងតំបន់វេសស្បែង ដែលត្រួតត្រាដោយភាគីអ៊ីស្រាអ៊ែលនោះ មានពលរដ្ឋជាតិប៉ាឡេស្ទីនរស់ នៅប្រមាណជា ៣លាននាក់។ ក្នុងរយៈពេល៥០ឆ្នំាកន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលបានកសាង និគមដ្ឋាននៅតំបន់វេសស្បែង(West Bank) និងតំបន់បុរីជេរ៉ូសាឡឹមភាគខាងកើត មានពលរដ្ឋអំបូរជីហ្វ៧០០,០០០នាក់។
សម្រាប់ឆ្នំា២០២៣នេះ គឺជាឆ្នំាដែលមានការបង្ហូរឈាមដ៏អាក្រក់បំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីវេសស្បែង ហើយនិងតំបន់ជេរ៉ូសាឡឹមភាគខាងកើត ។ គ្រាន់តែតំបន់វេសស្បែងតែមួយ មានពលរដ្ឋជាតិប៉ាឡេស្ទីន២៧០នាក់ត្រូវគេសម្លាប់ ចាប់តំាងពីមានការផ្ទុះឡើងនូវសង្គ្រាមរវាងភាគីនេះមក ៕ ប្រភព៖ BBC/UNRWA