ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា នៅឈូងសមុទ្រតុងកឹងប្រទេសចិន ធ្វើឲ្យកម្ពុជា រងសម្ពាធខ្ពស់

ភ្នំពេញ៖ នៅឈូងសមុទ្រតុងកឹងប្រទេសចិន ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) ត្រូវបានព្យាករណ៍ថា នឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD) ។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្ដប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង ។ នេះបើយោងតាមការឱ្យដឹង ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា វិសម្ពាធទាបនេះពុំ មានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយគ្រដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០% ។

លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ នឹងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប(ITCZ) ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៧០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាល។

ក្រសួងធនធានទឹកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង។ ដោយឡែកយើងងាកទៅដឹងពីស្ថានភាពទឹកជំនន់វិញម្តង គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅតំបន់ខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងបន្តស្រកចុះបន្តិចម្តងៗ ក្នុងនោះស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៦,១០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្រក ៣៦ សង់ទីម៉ែត្រ ធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦២ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ កើនឡើង១សង់ទីម៉ែត្របើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងបានទម្លាក់បិទទ្វារកម្ពស់ ២ម៉ែត្រ លើកម្ពស់ទ្វារសរុប ៧ម៉ែត្រ ចំនួន៤ទ្វារ ព្រោះសន្ទុះទឹកស្រកខ្លាំង ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម។

ចំពោះស្ថានភាពទឹកនៅទំនប់៧មករា នៅវេលាម៉ោង៥:៣០ ទឹកមានកម្ពស់ ៩,៣៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៨,៣០ម៉ែត្រ ហើយចាប់ពីម៉ោង ៦:០០ល្ងាចមកសន្ទុះទឹកឈប់ឡើងគឺនៅនឹង ហើយកំពុងទម្លាក់ទ្វារ ៣០សង់ទីម៉ែត្រចំនួន ៤ទ្វារ ដើម្បីសម្រួលចរន្តទឹកផ្នែកខាងក្រោម។ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទឹកកំពុងប្រមូលចូលពោះស្ទឹងជាបណ្តើរៗហើយ យ៉ាងយូរពាក់កណ្តាលអធ្រាត្រនេះទឹកចូលពោះស្ទឹងអស់ហើយ ដែលធ្វើឱ្យផ្នែកខាងក្រោមត្រូវការពេលវេលាសម្រាប់រយៈពេលទឹកស្រក។ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក ។

ទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានណែនាំឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕