ភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីត សម្តេចធិបតី ស្នើឲ្យចរចាគ្នាស្តីពីការលើកលែង ទិដ្ឋាការលិខិតឆ្លងដែនការទូត និងផ្លូវការ
សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឲ្យភាគីរបស់កម្ពុជា និងប្រទេសអារ៉ាប៊ីសាអូឌីត ពិចារណានិងចរចានូវកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងអ្នកកាន់លិខិត ឆ្លងដែនផ្លូវការ ខណៈប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបង្កើតស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរាជធានីភ្នំពេញដែរនោះ ។
ការស្នើសុំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគី ជាមួយព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដព្រះរាជទាយាទ និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងឱកាស ដែលសម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំ«កំពូលអាស៊ាន-ក្រុមប្រឹក្សាហសប្រតិបត្តិការឈូងសមុទ្រ» ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ ។
នៅក្នុងកិច្ចជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាគ្នាជាច្រើន ដោយក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង អារ៉ាប៊ីសាអូឌីត ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅរាជធានីភ្នំពេញ និងបានស្នើឲ្យភាគីទាំងពីរពិចារណារៀបចំចរចាកិច្ចព្រមព្រៀងនានា ជាពិសេស កិច្ច ព្រមព្រៀងស្តីពី«ការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ជាដើម» នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹង។
មានបន្ទូលនៅក្នុងកិច្ចជំនួបនោះដែរ ព្រះអង្គម្ចាស់ព្រះរាជទាយាទ បានលើកឡើងអំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដោយសំដៅឈានទៅបង្កើត កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា ពាណិជ្ជកម្ម, វិនិយោគ, ថាមពល,និងវិស័យ សក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជាតិទាំងពីរ ។
នៅក្នុងកិច្ចជំនួបនោះ នាយកទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបាន ឯកភាពលើទិសដៅនៃការបង្កើតយន្តការលើវិស័យសក្តានុពលមួយចំនួនដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបង្ហាញផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញ ព្រះរាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីតមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របណាមួយផងដែរ ដោយការអញ្ជើញនេះត្រូវបានព្រះរាជទាយាទទទួលយកដោយក្តីរីករាយផងដែរ៕