ទួរប៊ីនខ្យល់ថ្មី ចិនអភិវឌ្ឍន៍ ធំជាងគេបង្អស់លើពិភពលោក
ប្រទេសចិន នឹងអភិវឌ្ឍទួរប៊ីនខ្យល់សម្រាប់ដាំលើសមុទ្រធំបំផុតលើពិភពលោកថ្មីមួយទៀត ដោយក្រុមហ៊ុនថាមពលឆ្លាតវៃ Ming Yang ដែលមានស្លាបចក្រប្រវែងជិតស្មើនឹងកម្ពស់របស់ តួ Eiffel នៅប្រទេសបារាំង ។
គោលដៅរបស់ខ្លួន គឺការអភិវឌ្ឍទួរប៊ីនខ្យល់កម្លាំង 22 មេហ្គាវ៉ាត់ (MW) ដែលមានរ៉ូទ័រមានអង្កត់ផ្ចិតប្រវែងជាង 310 ម៉ែត្រ និងអាចទទួលបានខ្យល់ច្រើនជាង និងផលិតអគ្គិសនីបានច្រើនជាងទួរប៊ីនដទៃនាបច្ចុប្បន្ន នេះបើតាមក្រុមហ៊ុន Ming Yang ឱ្យដឹង ។ នេះបើតាមទំព័រ Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 20 តុលា ។
ពួកគេសង្ឃឹមថា នឹងអាចផលិតគំរូដើមរបស់ទួរប៊ីនខ្យល់នេះនៅឆ្នាំ 2024 ឬ 2025 នេះយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនខាងលើ ។
ប្រកាសខាងលើត្រូវបានលើកឡើងក្រោយពី Ming Yang បានបង្ហាញទួរប៊ីនខ្យល់លើសមុទ្រធំជាងគេលើពិភពលោក កម្លាំង 18 MW ដែលមានអង្កត់ផ្ចិត 140 ម៉ែត្រ កាលពីខែមករា ឆ្នាំ 2023។ នៅក្នុងសប្ដាហ៍នេះដែរ ក្រុមហ៊ុន Ming Yang ក៏បានបង្ហើបឱ្យដឹងអំពីទួរប៊ីនខ្យល់សម្រាប់ដំឡើងលើដីគោក កម្លាំង 11 MW ដែលមានស្លាបចក្រមានផ្ទៃធំស្មើនឹងទីលានបាល់ទាត់ចំនួន 6 បូកចូលគ្នា។
កាលពីខែកុម្ភៈឆ្នាំនេះ ប្រទេសចិនបានដំឡើងទួរប៊ីនខ្យល់ 16 MW នៅលើសមុទ្រដែលមានចម្ងាយពីដីគោករបស់ខេត្ត Fujian ជិត 33 គីឡូម៉ែត្រ។ គម្រោងដែលមានតម្លៃ 885 លានដុល្លារអាម៉េរិកនេះឆ្ពោះទៅកាន់ការដំឡើងទួរប៊ីនខ្យល់ដែលមានកម្លាំង 400 MW ក្នុងដំណាក់កាលទីពីររបស់ស្ថានីយផលិតអគ្គិសនីពីកម្លាំងខ្យល់ Zhangpu Liuao។
ទួរប៊ីនខ្យល់ 16 MW មួយដើមៗនៅក្នុងគម្រោងនេះ មានប្រអប់គ្រឿងចក្រដែលស្ថិតនៅលើក្បាលបង្គោលទួរប៊ីន កម្ពស់ 146 ម៉ែត្រ ស្មើនឹងអគារ 50 ជាន់ ខណៈដែលស្លាបកង្ហារមានអង្កត់ផ្ចិតប្រវែង 252 ម៉ែត្រ និងទទួលខ្យល់ក្នុងផ្ទៃអាកាសទំហំ 50,000 ម៉ែត្រការ៉េ។ រៀងរាល់ពេលដែលស្លាបកង្ហារនេះវិលបានមួយជុំ ទួរប៊ីនខ្យល់នេះអាចផលិតអគ្គិសនីបាន 34.2 គីឡូវ៉ាត់ម៉ោង និង 66 ជីហ្គាវ៉ាត់ម៉ោង (GWh) ក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់មនុស្សចំនួន 25,000 គ្រួសារ។
ជាសរុប គម្រោងមួយនេះនឹងផលិតអគ្គិសនីបាន 1.6 តេរ៉ាវ៉ាត់ម៉ោង (TWh) ជួយសំចៃធ្យូងថ្មបាន 500,000 តោន និងកាត់បន្ថយឧស្ម័នពុលបាន 1.36 លានតោនជារៀងរាល់ឆ្នាំ៕