មេដឹកនាំអារ៉ាប់ថ្កោលទោស អ៊ីស្រាអែលចំពោះវាយប្រហារលើតំបន់ហ្គាហ្សា ខណៈហានិភ័យចំពោះតំបន់កើនឡើង
បរទេស៖ បណ្ដាមេដឹកនាំអារ៉ាប់ បានថ្កោលទោសការទម្លាក់គ្រាប់បែករយៈពេល ២សប្តាហ៍របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ហើយបានទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីឈានដល់ដំណោះស្រាយសន្តិភាព នៅមជ្ឈឹមបូព៌ា ពោលគឺបញ្ចប់វដ្តចក្រនៃអំពើហិង្សារយៈពេលជាច្រើនទសវត្សរ៍ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា នេះ។
ដោយមានព្រះបន្ទូលនៅឯការជួបប្រជុំគ្នាយ៉ាងប្រញាប់ប្រញាល់ ដែលហៅថា កិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ ព្រះមហាក្សត្រហ្ស៊កដានី Abdullah បានរិះគន់នូវអ្វី ដែលទ្រង់ឲ្យឈ្មោះថា ភាពស្ងៀមស្ងាត់ជាសាកលអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ៊ុមព័ទ្ធ ហើយបានជំរុញឲ្យមានដំណោះស្រាយយុត្តិធម៌ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ដោយបង្ហាញពីសោកសៅរបស់ព្រះអង្គ ចំពោះអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ក្នុងតំបន់ហ្គាហ្សា តំបន់វ៉េសប៊ែង និងដែនដីអ៊ីស្រាអែល ព្រះមហាក្សត្រ Abdullah បានមានព្រះបន្ទូលថា៖ «សារដែលពិភពអារ៉ាប់កំពុងឮនោះ គឺថា ជីវិតរបស់ប្រជាជនប៉ាឡេស្ទីនមិនសូវសំខាន់ដូចពលរដ្ឋអ៊ីស្រាអែល ។ ថ្នាក់ដឹកនាំអ៊ីស្រាអែល ត្រូវតែដឹងឲ្យបានច្បាស់ នាពេលនេះ និងលើកចុងក្រោយថា រដ្ឋមួយមិនអាចរីកចម្រើនបានទេ ប្រសិនបើត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន នៃភាពអយុត្តិធម៌។ សាររបស់យើងទៅកាន់អ៊ីស្រាអែល គឺថា យើងចង់បានអនាគតប្រកបដោយសន្តិភាព និងសន្តិសុខ ទាំងសម្រាប់អ៊ីស្រាអេល និងប៉ាឡេស្ទីន» ។
សូមបញ្ជាក់ដែរថា ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តមាន បានបណ្តាលឲ្យមានសោកនាដកម្ម នៃការបាត់បង់ជីវិតមនុស្សជាង ៥.៦០០នាក់ហើយ សម្រាប់ភាគីទាំងសងខាង ខណៈអំពើហិង្សា ដែលឆាបឆេះកាន់តែខ្លាំងឡើងៗនេះ បានឈានចូលដល់ថ្ងៃទី១៥ នាថ្ងៃសៅរ៍នេះ៕