មេបញ្ជាការថ្មី របស់កងកម្លាំងអាកាសរុស្ស៊ី ជាលោកវរសេនីយ៍ឯក Afzalov

រុស្សី៖ លោកវរសេនីយ៍ឯក Viktor Afzalov បានក្លាយជាមេបញ្ជាការថ្មីនៃកងកម្លាំងអាកាសរុស្ស៊ី (RAF) ដោយមកជំនួសតំណែងរបស់លោកឧត្តមសេនីយ៍ Sergei Surovikin យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី នៅថ្ងៃសៅរ៍ ទី២១ ខែតុលា នេះ បានរាយការណ៍។

លោក Afzalov ដែលពីមុនជាមេបញ្ជាការស្តីទីនៃ RAF កើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៦៨ ។ លោកបានបញ្ចប់ការសិក្សាពីសាលាយោធាជាន់ខ្ពស់ Pushkin ខាងផ្នែកវិទ្យុទាក់ទងអេឡិចត្រូនិចការពារដែនអាកាស ក្នុងឆ្នាំ១៩៨៩ សាកលវិទ្យាល័យយោធាការពារដែនអាកាសក្នុងឆ្នាំ២០០០ និងបណ្ឌិតសភាយោធា នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១០។

លោកបានក្លាយជាមេបញ្ជាការកងទ័ពអាកាស និងកងទ័ពការពារដែនអាកាស នៃតំបន់យោធាភាគខាងកើតក្នុងខែកក្កដា ឆ្នាំ២០១៧ ហើយលោកជាប្រធានបុគ្គលិករបស់ RAF ក្នុងខែសីហា ឆ្នាំ២០១៨ ។

ចំណែកលោក Surovikin ដែលត្រូវបានលោក Afzalov មកស្នងតំណែងនោះ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសម្របសម្រួល សម្រាប់ការពារដែនអាកាស នៅក្រោមក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ នៃសហធនរដ្ឋឯករាជ្យ ក្នុងខែកញ្ញាឆ្នាំនេះ៕