លោក Joe Biden ចាកចេញភ្លាម យោធាអ៊ីស្រាអែល វាយប្រហារតាមអាកាស ទៅលើតំបន់ហ្គាហ្សាភ្លែត

បរទេស៖ ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗ នៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។

លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន និងគួរឱ្យរន្ធត់ ហើយខ្ញុំចង់ឱ្យអ្នកដឹងថា ចក្រភពអង់គ្លេស និងខ្ញុំឈរជាមួយអ្នក” នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង ។

ចំណែកលោក Biden បាននិយាយ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លី របស់លោកទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃពុធថា លោកបានពិភាក្សាដោយស្មោះត្រង់ជាមួយមេដឹកនាំអ៊ីស្រាអែល ខណៈដែលពួកគេធ្វើការវាយប្រហារយោធាដែលបានសម្លាប់មនុស្សជាង ៣.៤០០ នាក់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស មកលើជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ កាលពីថ្ងៃទី ៧ ខែតុលា ។

លោក Joe Biden បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ខ្ញុំនិយាយចំៗជាមួយអ៊ីស្រាអែល” ។ លោក Biden បាននិយាយថា ខណៈពេលដែលអ៊ីស្រាអែល “បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ” ប្រទេសនេះមាន “ឱកាសដើម្បីសម្រាលការឈឺចាប់” របស់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា “ដែលមិនមានកន្លែងណាដែលត្រូវទៅ”។ លោកបានបន្ថែមថា វាជាអ្វីដែលប្រទេសនេះគួរធ្វើ ។

លោក Biden បាននិយាយទៀតថា ប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែន Rafah របស់ខ្លួនជាមួយ Gaza ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញចំនួន ២០ គ្រឿង ទទួល និងគ្រប់គ្រងដោយក្រុមអង្គការសហប្រជាជាតិ ។

យ៉ាងណាក៏ដោយ លោកក៏បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់រារាំង ឬរឹបអូសជំនួយនោះ “វានឹងបញ្ចប់”៕