គ្រាប់កាំភ្លើងធំ ទុកសម្រាប់អ៊ុយក្រែន អាមេរិក នឹងបង្វែរ មកឱ្យអ៊ីស្រាអែលវិញ

បរទេស៖ សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន បើតាមសារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា ។

អាមេរិករក្សាឃ្លាំងស្តុកគ្រាប់រំសេវ នៅកន្លែងមួយក្នុងប្រទេសអ៊ីស្រាអែល ដែលមានតែកងកម្លាំងអាមេរិកប៉ុណ្ណោះដែលអាចចូលទៅបាន។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមយកគ្រាប់ផ្លោងចេញពីរោងចក្រនេះ និងកន្លែងស្តុកទុកមួយទៀតនៅកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការដ៏ធំរបស់អ៊ុយក្រែនសម្រាប់គ្រាប់រំសេវ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង។

ពេលនេះសហរដ្ឋអាមេរិក នឹងកំពុងបំពេញឃ្លាំងស្តុកនេះឡើងវិញ ជាមួយនឹងគ្រាប់រំសេវពីស្តុករបស់ខ្លួនដែលបានលៃលកទុកសម្រាប់អ៊ុយក្រែន តាមសំណើផ្ទាល់របស់រដ្ឋាភិបាលអ៊ីស្រាអែល បើតាមមន្ត្រីអ៊ីស្រាអែលបានប្រាប់គេហទំព័រព័ត៌មាន។ ក្រុមមន្ត្រីបាននិយាយថា គ្រាប់ផ្លោងនឹងមកដល់ប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

របាយការណ៍នៃការដោះដូរនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល ។ បន្ទាប់ពីលោក Biden បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Tel Aviv ក្រោយមក លោក Benjamin Netanyahu បាននិយាយថា ប្រធានាធិបតីអាមេរិកបានសន្យាថា លោកនឹងផ្តល់កញ្ចប់ជំនួយយោធា “ដ៏ធំ ដែលមិនធ្លាប់មានពីមុនមក” ។

គេមិនច្បាស់លាស់ពីសេចក្តីថ្លែងការណ៍របស់លោក ថាតើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់សំដៅទៅលើគ្រាប់កាំភ្លើងធំឬយ៉ាងណានោះទេ៕