យន្តហោះគ្មានមនុស្សបើក ហោះសំដៅអ៊ីស្រាអែល នាវាចម្បាំងអាមេរិក បាញ់កម្ទេចមីស៊ីល

បរទេស៖ នាវាពិឃាតអាមេរិក USS Carney បានបាញ់ទម្លាក់កាំជ្រួចចំនួន៣ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលហោះចេញពីទឹកដី នៃប្រទេសយេម៉ែន ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម Houthi តាមការលើកឡើងពីមន្ទីរបញ្ចកោណ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា ការស្ទាក់ចាប់នេះ បានធ្វើឡើងនៅសមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានបន្ថែមថា កាំជ្រួចកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង «មានសក្ដានុពលឆ្ពោះទៅរកគោលដៅ ក្នុងប្រទេសអ៊ីស្រាអែល» ហើយថា នាវាអាមេរិកមិនត្រូវបានគំរាមកំហែងនោះឡើយ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹង។

លោក Ryder បានបន្តថា “មិនមានការស្លាប់ និងរបួសដល់កងកម្លាំងសហរដ្ឋអាមេរិក និងគ្មាននរណាម្នាក់ដែលយើងដឹងអំពីជនស៊ីវិលនៅលើដីនោះទេ” ។

ឧបទ្ទវហេតុនេះបានកើតឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅលើទីតាំងយោធា ដែលមានបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ យោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះគ្មានមនុស្សបើក(UAVs) បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al-Asad និង Al-Harir (Bashur) ដែលបណ្តាលឱ្យមានរបួសតិចតួចដល់កងកម្លាំងចម្រុះលោកខាងលិច ។ យន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានវាយប្រហារមូលដ្ឋាន Al-Tanf ក្នុងប្រទេសស៊ីរីនៅថ្ងៃបន្ទាប់។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈមួយគ្រឿងទៀត វាយប្រហារមូលដ្ឋាននោះក៏បានបង្ករបួសស្រាលដល់ទាហានលោកខាងលិចដែរ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចរកងទ័ពជើងទឹក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត បន្ទាប់ពីអរិភាពរបាងក្រុមហាម៉ាស់-អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ៕