ប្រមុខការបរទេសហ្សកដានី៖ ពួកយើងព្រួយបារម្ភ ដល់រឿងអាក្រក់បំផុតនៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា

ហ្សកដានី៖ លោក Ayman Safadi រដ្ឋមន្រ្តីការបរទេសហ្សកដានី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកព្រួយបារម្ភថា រឿងអាក្រក់បំផុតនៅមិនទាន់មកដល់នោះទេ នៅក្នុងសង្រ្គាមតំបន់ហ្គាហ្សា ស្របពេលដែលគ្មានសញ្ញាណាមួយនៃជោគជ័យ ក្នុងកិច្ចខិតខំបន្ធូរបន្ថយភាពតានតឹងនោះ ។

នៅក្នុងអនុសាសន៍អំឡុងសន្និសីទសារព័ត៌មាន ជាមួយសមភាគីអាល្លឺម៉ង់ លោក Safadនិយាយថា សង្រ្គាមនឹងមានផលវិបាកដ៏គ្រោះថ្នាក់ ហើយលោកបានជំរុញឲ្យការពារតំបន់មួយនេះ ពីគ្រោះថ្នាក់ពេលដែលសង្រ្គាមកាន់តែរីកធំ ។

គ្រោះថ្នាក់នឹងមានផលវិបាកដ៏ឈឺចាប់ ក្នុងពេលខាងមុខនេះ ហើយកិច្ចខិតខំការទូត មិនទាន់ទទួលបានលទ្ធផលណាមួយនោះឡើយ ក្នុងការបញ្ចប់ជម្លោះ បើតាមលោកបាននិយាយប្រាប់សារព័ត៌មាន ។

មន្រ្តីការទូតហ្សកដានីរូបនេះ បាននិយាយថា រាជាណាចក្ររបស់លោកនឹងប្រឈមគ្រប់មធ្យោបាយចំពោះរត់ភៀសខ្លួនទ្រង់ទ្រាយធំរបស់ជនប៉ាឡេស្ទីន ដែលនាំឲ្យមានការផ្លាស់ប្តូរប្រជាសាស្រ្ត ឬភូមិសាស្ត្រនៅក្នុងតំបន់ ។

ជម្លោះមួយនេះដែរ បានបំផុសការភ័យខ្លាចរយៈពេលជាយូរមកហើយនៅហ្សកដានី ដែលទទួលជនភៀសខ្លួនប៉ាឡេស្ទីនចំនួនដ៏ច្រើន និងកូនចៅរបស់ពួកគេ ថា ភាពរំជើបរំជួលកាន់តែធំ នឹងផ្តល់ឱកាសឲ្យអ៊ីស្រាអែលអនុវត្តន៍គោលនយោបាយផ្ទេរ ដើម្បីបណ្តេញជនប៉ាឡេស្ទីនទាំងអស់ ចេញពីតំបន់វ៉េសប៊ែង ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា ប្រទេសរបស់លោកស្រី នឹងបង្កើនជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីនដល់ជិត ៥៣លានដុល្លារ ស្របពេលវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងសម្រាប់ពលរដ្ឋ ២,៣លាននាក់ ដែលជាប់ខ្លួននៅទីនោះ ៕