កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងហ្មត់ចត់ ការិយាល័យហាម៉ាសនៅប្រទេសកាតា ស្របសង្រ្គាមនៅហ្គាហ្សា កាន់តែតានតឹង

បរទេស៖ ជម្លោះដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សា បានធ្វើឲ្យការិយាល័យរបស់ក្រុមហាម៉ាស នៅក្នុងប្រទេសកាតា ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយអាចបង្ខំឲ្យមានការវាយតម្លៃឡើងវិញ នូវទំនាក់ទំនងរវាងរដ្ឋឈូងសមុទ្រ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើតាមក្រុមអ្នកវិភាគ បានលើកឡើង ។

លោក Andreas Krieg អ្នកវិភាគនៅមជ្ឈឹមបូព៌ា ដែលមានមូលដ្ឋាននៅប្រទេសកាតាចន្លោះឆ្នាំ ២០១៣ និង ២០១៦ បាននិយាយថា ទីក្រុងដូហា នឹងត្រូវផ្អាកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហាម៉ាស ។

លោក Krieg បាននិយាយថា ៖«ខ្ញុំគិតថា មានការយល់ស្របថា អ្វីមួយត្រូវតែផ្តល់ឲ្យនៅក្នុងលក្ខខណ្ឌនៃទំនាក់ទំនងនោះ អាស្រ័យលើអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិក កំពុងស្នើសុំ» ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកចូលអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២០០នាក់ នេះបើយោងតាមក្រុមមន្ត្រីអ៊ីស្រាអែល។