ការជំរុញសន្ទុះសេដ្ឋកិច្ចឡើងវិញ ថៃកំពុងពិនិត្យគម្រោងវិនិយោគតម្លៃ 27 ពាន់លានដុល្លារ
គម្រោងប្រកបដោយមហិច្ឆតាក្នុងការស្ថាបនាផ្លូវគោក និងផ្លូវដែក តភ្ជាប់រវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ពេលនេះប្រទេសថៃកំពុងតែសិក្សាវាយតម្លៃ ។
ប្រទេសនេះកំពុងវាយតម្លៃលើ គម្រោងដ៏ធំមួយនៅភាគខាងត្បូងប្រទេស រួមមានបណ្ដាខ្ទង់វិនិយោគដែលមានតម្លៃមួយទ្រីលានបាត (27.44 ពាន់លានដុល្លារអាមេរិក) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មទូទាំងសកលលោក នេះយោងតាម Reuters នាយករដ្ឋមន្ត្រីថៃឱ្យដឹង ។
ការដេញថ្លៃ និងការស្ថាបនានឹងចាប់ផ្ដើមពីឆ្នាំ 2025 អាចបង្កើតការងារបានប្រហែល 280,000 កន្លែង នៅខេត្ត Ranong និង Chumpon យោងលើការស្រាវជ្រាវមួយរបស់រាជរដ្ឋាភិបាលថៃ បានឱ្យដឹង។
នាយកដ្ឋានផែនការថៃ បានគណនាឃើញថា គម្រោងខាងលើនេះអាចជំរុញកំណើនសេដ្ឋកិច្ចថៃឡើងដល់ 5.5% ជារៀងរាល់ឆ្នាំ ។ សេដ្ឋកិច្ចថៃត្រូវបានព្យាករថានឹងមានកំណើន 2.8% ក្នុងឆ្នាំនេះ និង 4.4% ក្នុងឆ្នាំ 2024។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់ថា គម្រោងនេះខាងលើនេះនឹងជាការតភ្ជាប់សំខាន់នៅក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសឥណ្ឌា មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក។
ដំណាក់កាលដំបូងរបស់គម្រោងនេះ គ្រោងនឹងរួចរាល់នៅឆ្នាំ 2030 និងអាចដឹកជញ្ជូនទំនិញតាមកុងតឺន័របាន 10 លាន TEU ហើយអាចសម្រេចបាន 40 លាន TEU នៅឆ្នាំ 2039៕