ប្រមុខរដ្ឋរុស្សីថា កីឡាអូឡាំពិក ត្រូវបានប្រើជាឧបករណ៍នៃការដាក់សម្ពាធនយោបាយ និងការរើសអើង
រុស្សី៖ លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា នេះ បានលើកឡើងថា ប្រទេសរុស្ស៊ី បានដឹងថា កីឡាអូឡាំពិក អាចយកមកប្រើប្រាស់ជាឧបករណ៍នៃការដាក់សម្ពាធនយោបាយ និងការរើសអើងជាតិសាសន៍ ។
លោកពូទីន បានថ្លែងថា៖ «ព្រឹត្តិការណ៍កីឡានេះ អាចត្រូវបានគេប្រើជាឧបករណ៍នៃការដាក់សម្ពាធនយោបាយប្រឆាំងនឹងអ្នកដែលមិនមានអ្វីពាក់ព័ន្ធនឹងនយោបាយ ។ ហើយលើសពីនោះទៀត ពិតណាស់ការរើសអើងជាតិសាសន៍ ត្រូវតែកើតមាន» ។
សូមរំលឹកថា កាលពីសប្តាហ៍មុន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់បម្រាមចំពោះគណៈកម្មាធិការអូឡាំពិករុស្ស៊ី ដោយចោទថា បានទទួលស្គាល់អង្គការក្នុងតំបន់ពីដែនដីចំនួន៤ ដែលរុស្ស៊ីបានប្រាប់ថា ខ្លួនបានបញ្ចូលជាឧបសម្ព័ន្ធពីប្រទេសអ៊ុយក្រែន ។
ទោះបីជា IOC បាននិយាយថា គណៈកម្មាធិការអូឡាំពិកនៃប្រទេសរុស្ស៊ី និងបេឡារុស នឹងមិនទទួលបានការអញ្ជើញជាផ្លូវការទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ដូចប្រទេសដទៃទៀតនៅចុងខែនេះក៏ដោយ ក៏ការសម្រេចចិត្តលើការចូលរួមប្រកួតប្រជែងរបស់អត្តពលិកនៃប្រទេសទាំង២ នឹងធ្វើឡើងនៅពេលក្រោយ ៕