នៅតាមព្រំដែនរវាងអ៊ីស្រាអែល-លីបង់ អគ្គិភ័យឆាបឆេះឡើង ពេលមានការផ្លោងគ្រាប់កាំភ្លើងធំនៅតែបន្ត

បរទេស៖  នៅក្នុងប្រទេសលីបង់ក្រុមសកម្មប្រយុទ្ធ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ យ៉ាងហោចចំនួន ២គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នាថ្ងៃព្រហស្បតិ៍នេះ ដោយវាយប្រហារភូមិជាប់ព្រំដែន Manara ប៉ុន្តែពុំមានគ្រោះថ្នាក់កើតឡើងនោះទេ នេះបើយោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល ។

រូបភាពវីដេអូពីតំបន់ Nahariyya ដែលជាទីតាំងដាច់ដោយឡែកមួយទៀត នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ ឃើញអណ្តាតភ្លើង និងផ្សែងហុយឡើងលើអាកាស ។

រីឯ ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅក្នុងប្រទេសលីបង់ បានជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន រៀបផែនការចាកចេញ ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ស្របពេលដែលជម្រើសតាមជើងហោះហើរពាណិជ្ជកម្មនៅមាន ។

ស្របគ្នានោះដែរ រថក្រោះ និងទាហានអ៊ីស្រាអែល បានឈរជើងនៅតាមព្រំដែនជាមួយ ប្រទេសលីបង់ នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ ខណៈផ្សែងខ្មៅហុយចេញពីអគ្គិភ័យនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ជាកន្លែងដែលរងការវាយប្រហារពីភាគីលីបង់ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានសន្យាថាធ្វើឲ្យរលាយសាបសូន្យក្រុមជីវពលហាម៉ាស់ ដើម្បីសងសឹកលើការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធមួយនេះលើទឹកដីអ៊ីស្រាអែល កាលពីរយៈពេល ១២ថ្ងៃមុន ពេលដែលពួកគេបាញ់សម្លាប់ឥតញញើតដៃលើបុរស ស្រ្តី និងកុមារ ហើយនិងបានចាប់ចំណាប់ថ្នូរទៅកាន់តំបន់ហ្គាហ្សា អំឡុងការវាយប្រហារដ៏អាក្រក់បំផុតមកលើជនស៊ីវិលនៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល ៕