ប្រមុខការពារជាតិអាល្លឺម៉ង់ ទៅសួរសុខទុក្ខកងកម្លាំង រក្សាសន្ដិភាពUNIFIL ក្នុងក្រុងបេរូត

លីបង់៖ លោក បូរីស ពីស្ដូរឿស (Boris Pistorius) រដ្ឋមន្រ្ដីការពារជាតិអាល្លឺម៉ង់ បានអញ្ជើញទៅដល់ប្រទេស លីបង់ នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលលោកបានទៅសួរសុខទុក្ខកងកម្លាំងរក្សាសន្ដិភាព UNIFILរបស់ អាល្លឺម៉ង់ នៅកងពលតូច អូលឌិនប៊ើគ (Oldenburg) ដែលថ្មីៗនេះបានឈរជើងនៅកំពង់ផែក្រុងបេរូត (Beirut) ។

អាល្លឺម៉ង់ បានចូលរួមនៅក្នុង កម្លាំងពិសេសដែនសមុទ្ររបស់កម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិក្នុងបេសកម្មលីបង់ ចាប់តាំងពីឆ្នាំ២០០៦មក និងបានទទួលខុសត្រូវ ទីបញ្ជាការកងកម្លាំងពិសេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បើយោងតាមក្រសួងកាបរទេសក្រុងប៊ែរឡាំងបានឲ្យដឹង។

កងទ័ពអាល្លឺម៉ង់ ប៊ុនដេសស្វែរ (Bundeswehr) បានបំពេញភារកិច្ចសំខាន់ៗដើម្បីជួយការពារដែនទឹកលីបង់ ទប់ស្កាត់ការរត់ពន្ធអាវុធ និងបង្កើនសមត្ថភាពព្រមទាំងបណ្ដុះបណ្ដាលកងនាវាចរលីបង់ផងដែរ នេះបើតាមក្រសួងការពារជាតិបានសរសេរកាលពីខែមិថុនា ៕