ខូចខាតរថយន្ត៥គ្រឿង របួសមនុស្សម្នាក់ លើគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នានៅក្រុងបាវិត

ស្វាយរៀង ៖ ក្នុងថ្ងៃតែមួយ នៅក្នុងក្រុងបាវិត គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា បណ្តាលឱ្យរថយន្តចំនួន៥គ្រឿងរងខូចខាត និងមនុស្សម្នាក់ រងរបួសធ្ងន់ធ្ងរ បាក់ភ្លៅកៀបជាប់ក្នុងកាប៊ីន លើកទី១ នៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១ ខាងលិចរោងចក្រសានតុង ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ចំណែកករណីទី២ នៅវេលាម៉ោង៣រសៀល ថ្ងៃដដែល នៅខាងកើតរោងចក្រសានតុង ក្នុងភូមិ សង្កាត់ ដដែល ។

បើតាមប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីទី១ មានរថយន្តកូរ៉េ ឃ្លុប មួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5484 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយព្រូរថយន្ត បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្តដឹកបេតុង បណ្តាលឱ្យខ្ទេចមុខខ្លួនឯង កៀបជាប់ព្រូរថយន្តក្នុងកាប៊ីន រងរបួសបាក់ភ្លៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋ គាស់ទាញ យកជនរងគ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកករណីទី២ បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃដដែល លើដងផ្លូវឃាតិលេខ១ ចម្ងាយពីគ្នាជាង២០០ម៉ែត្រ ក្នុងភូមិតែមួយ បង្កឡើងដោយរថយន្តកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ មួយគ្រឿង ពណ៌លឿង បើកបរល្បឿនលឿន ពីកើតទៅលិច ជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ រុញទៅបុកផ្ទប់ពីក្រោយរថយន្តPrius ពណ៌ទឹកប្រាក់ បណ្តាលឱ្យរងខូចខាត តែមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណី សរុបចំនួន៥គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រងចាំដោះស្រាយពេលក្រោយ ៕