រដ្ឋមន្ត្រីយុត្តិធម៌៖ កំណែទម្រង់ជាអាទិភាព ២ចំណុច ក្នុងវិស័យយុត្តិធម៌នៅកម្ពុជា
កំពង់ធំ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ នឹងកំណត់ទិសដៅកែទម្រង់វិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខគឺ ជុំវិញសសរស្ដម្ភ ២ ។
-សសរស្តម្ភកំណែទម្រង់ ទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។
-សសរស្ដម្ភ ទី២ ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគឺ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីយុត្តិធម៌ បានណែនាំមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីឯកភាពគ្នាដើម្បីសម្រេចឱ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវសំណុំរឿងនានា ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា ឯកឧត្តម កើត រិទ្ធ បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីប្រកាសផ្លាស់ប្ដូមុខតំណែងព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ គឺ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវជំនួសតំណែង ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា ដែលបានផ្លាស់ទៅខេត្តកំពង់ស្ពឺ។
ស្របគ្នានេះ ឯកឧត្តម ស៊ិន វិរៈ បានលើកឡើងថា កន្លងមកសាលាដំបូងខេត្តកំពង់ធំ បានពន្លឿនរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងការលើកកម្ពស់សមត្ថភាពស្ថាប័នយុត្តិធម៌ ក្នុងការផ្តល់សេវាកម្មយុត្តិធម៌ឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចូលរួមយ៉ាងសកម្ម ដោយមោះមុត ដោយអស់ពីកម្លាំងកាយកម្លាំងចិត្ត ទើបធ្វើឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូរខេត្តកំពង់ធំ ទទួលបានជោគជ័យក្នុងយុត្តិនាពេលនេះ ហើយស្ថានប័នអយ្យការ បានចំណាត់សំណុំរឿងបានមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺសំណុំរឿងព្រហ្មទណ្ឌសល់ចំនួន ២៩៩រឿង។
ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ខេត្តកំពង់ធំថ្មី ក៏បានប្តេជ្ញាចិត្តខិតខំដឹកនាំ និងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌ សំដៅបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចគោលដៅ ពិសេសសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕