បច្ចុប្បន្នភាពត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នំា២០២៣ សង្គ្រាមរវាងអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន
-ខណៈដែលស្ថានការណ៍ នៅមិនទាន់បានធូរស្រាលនៅឡើយ នៅឯតំបន់មជ្ឈឹមបូព៌ានោះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន បានលើកឡើងថា ប្រទេសអេហ្ស៊ីបបានឯកភាព ដើម្បីបើកច្រកឆ្លងកាត់ចូលទៅកាន់ តំបន់រ៉ាហ្វាហ៍ (Rafah) ជាទីកន្លែង ដែលអាចឱ្យរថយន្តដឹកសម្ភារៈជំនួយប្រមាណជា២០រថយន្តកាំមីញ៉ុង ចូលទៅកាន់តំបន់ហ្គាហ្សាបាន ។
-តំាងតែពីដំបូងឡើយ ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអ៊ែលនឹងមិនបន្ទុចបង្អាក់ទៅលើការអនុញ្ញាតឱ្យចែកចាយស្បៀង ទឹកប្រើប្រាស់ ហើយនិងថ្នំាសង្កូវពីភាគីប្រទេសអេហ្ស៊ីបនោះទេសម្រាប់ជួយដល់ពលរដ្ឋស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដរាបណាជំនួយទំាងអស់នោះមិនដល់ដៃក្រុមសកម្មប្រយុទ្ធហាម៉ាស់។
-តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថាលោកចូបៃដិនបានចាកចេញពីប្រទេសអ៊ីស្រាអ៊ែលហើយ បន្ទាប់ពីការបំពេញទស្សនកិច្ចរយៈពេលខ្លី ដើម្បីបង្ហាញការគំាទ្រដល់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន។
-ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សាវិញ លោកចូបៃដិនបានគាំទ្រដល់ការលើកឡើងរបស់ភាគីអ៊ីស្រាអ៊ែលដែលបដិសេធថា ខ្លួនមិនជាប់ពាក់ពិននឹងការបំផ្ទុះគ្រាប់បែកនៅឯមន្ទីរពេទ្យស៊ីវិលនោះឡើយ។ លោកចូបៃដិន បានបន្តទៀតថា លោកគំាទ្រទិន្នន័យដែលលោកបានឃើញតាមរយៈក្រសួងការពារជាតិអាម៉េរិកបញ្ជូនឱ្យលោកមើល។
-ផ្អែកតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារប៊ីប៊ីស៊ី(BBC)បានឱ្យដឹងនៅព្រឹកថ្ងៃនេះថា ការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យស៊ីវិលឈ្មោះ អាល់- អាលី អាល់- អារ៉ាប៊ី(Al-Ahli al-Arabi)ដែលមានមនុស្សច្រើនកុះករកំពុងតែសម្រាកព្យាបាលកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងហ្គាហ្សានោះបណ្តាលឱ្យជនស្លូតត្រង់ស្លាប់ជាច្រើននាក់ ខណៈដែលមន្រ្តីសុខាភិបាលប៉ាឡេស្ទីនវិញបានបង្ហាញតួលេខថា មានមនុស្សស្លាប់ចំនួន៤៧១នាក់ នេះមិនទាន់គិតដល់អ្នករងរបួសធ្ងន់ស្រាលនោះទេ។
-ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកលើមន្ទីរពេទ្យភ្លាមៗប្រទេសអ៊ីស្រាអ៊ែលបានធ្វើការរិះគន់ទៅលើក្រុមហាម៉ាស់ ដែលតាមរយៈកងកម្លំាងការពារជាតិអ៊ីស្រាអ៊ែលបានលើកឡើងដែរថា ការផ្ទុះនោះអាចបង្កមកពីការបាញ់រ៉ុក្កែតខុសគោលដៅរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
-ស្ថិតនៅក្នុងអន្តរកាលចោទដាក់គ្នាទៅវិញទៅមក រវាងភាគីទំាងពីរនេះដែរ ក្រុមប្រទេសនៅក្នុងពិភពអារ៉ាប់ជាច្រើនប្រទេសបានចូលរួមជាមួយនឹងក្រុមហាម៉ាស់ ដោយបានធ្វើការរិះគន់ទៅលើប្រទេសអ៊ីស្រាអ៊ែលថាជាអ្នកបង្កឡើងនំាឱ្យមានការផ្ទុះ ខណៈដែលមេដឹកនំាប្រទេសអារ៉ាប់មួយចំនួនធំ បានលុបចោលជំនួបជាមួយនឹងលោកប្រធានាធិបតីអាម៉េរិកចូបៃដិនផងដែរ។
-ដោយយោងតាមការធ្វើបច្ចុប្បន្នភាពរបស់បណ្តាញផ្សព្វផ្សាយស៊ីអិនអិន (CNN)វិញបានលើកឡើងបន្ថែមទៀតថា ស្ថានការណ៍តុល្យការនៃជនរងគ្រោះរវាងភាគីទំាងពីរគិតត្រឹមថ្ងៃនេះបានឱ្យដឹងបន្ថែមថា ពលរដ្ឋស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាភាគីប៉ាឡេស្ទីនបានស្លាប់កើនឡើងជិតដល់៣,៥០០នាក់ហើយ ខណៈដែលមនុស្សច្រើនលាននាក់ផ្សេងទៀតកំពុងតែជាប់ខ្លួននៅក្នុងតំបន់ឡោមព័ទ្ធ គាប់ជួនគ្នានឹងអង្គការសុខភាពពិភពលោកឯណោះវិញ បានលើកឡើងថា ស្ថានភាពកំពុងតែស្ថិតនៅក្នុងសភាពផុយស្រួលខ្លំាង និងហួសពីការគ្រប់គ្រងបាន។
-ចំណែកឯខាងតួលេខពីភាគីអ៊ីស្រាអ៊ែលឯណោះវិញ មានមនុស្សស្លាប់ចំនួន១,៤០០នាក់ប៉ុណ្ណោះ ចាប់តំាងពីក្រុមហាម៉ាស់បើកការវាយប្រហារ ស្របពេលដែលអ៊ីស្រាអ៊ែលបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួននឹងបោសសម្អាតឱ្យអស់ទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ ៕ ប្រភព៖ CNN/BBC