ការព្រមាន ! ក្រសួងសុខាភិបាល លើករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មី គួរឱ្យកត់សម្គាល់នៅកម្ពុជា
ភ្នំពេញ៖ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។
សម្រាប់បុគ្គលមិនទាន់មានជំងឺភ្នែកក្រហមត្រូវអនុវត្តត្រូវ៧ចំណុចសំខាន់ៗដូចខាងក្រោម៖
១-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី។ លាងសម្អាតដៃឱ្យ បានស្អាត មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ ប្រសិនបើមិន មានសាប៊ូ និងទឹកទេសូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។
២-លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់របរដែលគាត់ និងលាងដៃរបស់ អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។
៣-ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត។
៤-កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ ដូចជា ខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាង ភ្នែក ឬគ្រឿងសម្អាងលាបមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែក។
៥-ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម។
៦-រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិង កណ្តាស់នៃអ្នកមានជំងឺភ្នែកក្រហម។
៧-កុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុសឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នក ដោយមិនបានលាងសម្អាតដៃ៕