ជម្លោះនៅតែបន្ត ពលរដ្ឋប៉ាឡេស្ទីន ឲ្យអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា

ប៉ាឡេស្ទីន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទៅដល់ប្រទេសអ៊ីស្រាអែល ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកសហរដ្ឋអាមេរិក ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈពួកគេកាន់ទុក្ខសម្រាប់សាច់ញាតិ កាលពីថ្ងៃពុធ ទី១៨ ខែតុលា ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកមួយយប់ លើទីតាំងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ ។

ដំណើរទស្សនកិច្ចរបស់លោក បៃដិន ធ្វើឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្គាហ្សា  ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់   និងបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈឹមបូព៌ា។

ជនជាតិប៉ាឡេស្ទីនម្នាក់បាននិយាយថា «ជូនចំពោះលោកប្រធានាធិបតី បៃដិន និងរដ្ឋបាលរបស់លោកឲ្យបានដឹងថា ប្រជាជនប៉ាឡេស្ទីនគ្រប់ជំនាន់ នឹងមិនបំភ្លេចសង្រ្គាមនេះឡើយ ហើយប្រវត្តិសាស្រ្តនឹងត្រូវបានកត់ត្រាថា នេះបណ្ដាលមកពីរដ្ឋបាលអាមេរិក ប្រាក់ជំនួយរាប់ពាន់លានដុល្លាររបស់អាមេរិក ការគាំទ្ររបស់ប្រទេសនេះ ជាមួយនឹងជំនួយអាវុធមហាប្រល័យដល់កងកម្លាំងការពារអ៊ីស្រាអែល ដែលបណ្តាលឱ្យមានសោកនាដកម្ម ដែលកំពុងកើតឡើងនៅពេលនេះក្នុងតំបន់ហ្គាហ្សា»។

លោក បៃដិន ជាមួយបេសកកម្មការទូតដ៏ស្មុគស្មាញ ទៅកាន់មជ្ឈឹមបូព៌ា ត្រូវបានគេសន្មតថា ធ្វើឱ្យតំបន់នេះស្ងប់ស្ងាត់ និងជំរុញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែបន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យនោះរួចមក ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក បៃដិន ។

មុនពេលការវាយប្រហារនៅមន្ទីរពេទ្យ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងបានធ្វើឱ្យមនុស្សជិត ២០០នាក់ ត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ជាចំណាប់ថ្នូរផងដែរ ៕