ករណីមានការជន់លិចតាមសណ្តរស្ទឹងព្រែកត្នោត ក្រុមឆ្លើយតបបន្ទាន់ នៃមនី្ទរសុខាភិបាលរាជធានី ត្រៀមបង្ការសង្រ្គោះបន្ទាន់

ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមឆ្លើយតបបន្ទាន់ របស់មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបង្ការ និងសង្រ្គោះបន្ទាន់ ក្នុងករណី មានការជន់លិចដោយសារទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត។

ឯកឧត្តម វេជ្ជបណ្ឌិត បានបន្តថា ក្រុមឆ្លើយតបបន្ទាន់ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមមនី្ទរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលឋិតនៅក្នុងមូលដ្ឋានធ្លាប់រងគ្រោះ និងលិចដោយសារទឹកជំនន់ ក្នុងនោះមានដូចជា៖ មូលដ្ឋានខណ្ឌដង្កោ និងខណ្ឌកំបូល ដែលរងគ្រោះញឹកញាប់ដោយទឹកជំនន់ ប៉ុន្តែមនី្ទរសុខាភិបាល ត្រៀមឱសថសម្រាប់ការពារ នៅពេលដែលមានទឹកជំនន់ឡើងមក និងសត្វអសិរពិសផ្សេងៗ ដូចជា៖ពស់ពិសចឹក សត្វដទៃទិច ឬខាំ ថ្នាំដាក់សម្លាប់មេរោគក្នុងទឹក និងថ្នាំទឹកស៊ីជើង គឺមានថ្នាំសម្រាប់ការពារ ភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យឈានដល់មានការស្លាប់បាត់បង់អាយុជីវិតនោះទេ ហើយមកដល់ពេលនេះក៏មិនមានការជន់លិចធ្ងន់ធ្ងរ និងលិចមណ្ឌលសុខភាពនោះទេ។

ឯកឧត្តមវេជ្ជបណ្ឌិត ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ….ធម្មតាមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក មានក្រុមឆ្លើយតបបន្ទាន់ និយាយទៅគឺមានតែODពោធិ៍សែនជ័យ និងODដង្កោ (ការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តពោធិ៍សែនជ័យ និងការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្ត ដង្កោ) ក្រៅពីនោះមិនមានទឹកលិចនោះទេរៀងរាល់ឆ្នាំ។ ODដង្កោ បានត្រៀមថ្នាំសម្រាប់ចាក់បន្សាបពិស ពស់ចឹក និយាយជារួមក្រុមការងារគ្រូពេទ្យ នឹងចេញធ្វើការតែម្តង ប្រសិនជាទឹកជន់លិចច្រើន រហូតទៅដល់ត្រូវតែជួយសង្រ្គោះ គឺមានក្រុមឆ្លើយតបបន្ទាន់រួចអស់ហើយ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានបញ្ហាសុខភាពណាមួយ សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវតិ្ថភាព ឬមណ្ឌលសុខភាព ឬមនី្ទរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីរួមចំណែកទប់ស្កាត់នូវផលប៉ះពាល់សុខភាព អាយុជីវិត៕