យន្តហោះ Airbus 350 និងBoeing787 ឆ្លងទ្វីប អាកាសយានដ្ឋានសៀមរាបអង្គរថ្មី អាចទទួល
សៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងឡើងដល់កម្រិត4F ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងក្នុងឱកាសអញ្ជើញ ស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (SAI) កាលពីថ្ងៃទី១៦ ខែតុលា។
ឯកឧត្តម រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន ៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង ១២លាននាក់ ក្នុងឆ្នាំ២០៤០ ខាងមុខ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក ។
សម្រាប់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ៕