ដេកស្លាប់លើម៉ូតូកង់បី ជាបុរសម្នាក់ នៅចំហៀងសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

ភ្នំពេញ ៖  ដោយមានការបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅលើ ផ្លូវសហព័ន្ធរុស្សី ចំហៀងពីមុខសកលវិទ្យាល័យភូមិមិន្ធភ្នំពេញ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើម៉ូតូកង់បី ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សពមានឈ្មោះ ប្រាក់សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានក្បូនប្រតិភូ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន រៀបរាប់សណ្តាប់ធ្នាប់តាមផ្លូវ ស្រាប់តែប្រទះឃើញម៉ូតូកង់បីមួយគ្រឿងខាងលើ ចតនៅចិញ្ចើមផ្លូវ ច្រើនម៉ោងហើយមិនចេញទៅណាសោះ ឃើញតែមនុស្សដេកលើ លុះទៅមើលស្រាប់តែប្រទះឃើញដេកស្លាប់ នេះបើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ។

ក្រោយពីដឹងថាមនុស្សដេកស្លាប់លើម៉ូតូកង់បី សមត្ថកិច្ចបានយកម៉ូតូកង់បីទាំងសពទៅសំចតនៅវត្តទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ ។ សពជនរងគ្រោះ ក្រោយពិនិត្យរួចសន្និដ្ឋាន ស្លាប់ដោយគាំងបេះដូង រួចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕