លោកចូបៃដិនធ្វើទស្សនកិច្ចរបស់ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល គាប់ជួនបំផ្ទុះគ្រាប់បែក នៅក្នុងមន្ទីរពេទ្យក្រុងហ្គាហ្សា

បរទេស មន្ទីរពេទ្យនៅក្នុងទីក្រុងហ្គាហ្សា មានសម្លេងបំផ្ទុះគ្រាប់បែកវាយប្រហារ នៅតែបន្តនៅឡើយ ខណៈដែលដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីអាមេរិក ចូបៃដិន ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា តួលេខអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យអាចនឹងកើនឡើងដល់រាប់រយនាក់បន្ថែមទៀតនៅថ្ងៃពុធនេះ។

ប្រមុខដឹកនំាអាជ្ញាធរជាតិប៉ាឡេស្ទីន លោកម៉ាមុដអាបាស់ លុបចោលផែនការជំនួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក ចូបៃដិន និងព្រះមហាក្សត្រអាប់ឌុលឡាហ៍របស់ប្រទេសហ្សកដង់ បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យភ្លាម ។

លោកចូបៃដិន បានចុះចតនៅក្នុងទីក្រុង តែលអាវីវ ហើយនិងប្រទេសហ្សកដង់ សម្រាប់ដំណើរទស្សនកិច្ចរបស់លោករយៈពេល១ថ្ងៃ ប៉ុន្តែតាមសភាពជាក់ស្តែង លោកមកបំពេញទស្សនកិច្ចត្រឹមតែ ប្រទេសអ៊ីស្រាអ៊ែលតែមួយប៉ុណ្ណោះ យោងតាមសេតវិមានបានលើកឡើង ។

លោកប្រធានាធិបតី បានផ្ញើនូវសមានចិត្តកាន់ទុក្ខចំពោះការបាត់បង់ជីវិត ជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ ដែលគេបំផ្ទុះក្នុងទីក្រុងហ្គាហ្សា ដោយលោកបួងសួងសូមឱ្យជនដែលរងរបួសពីការវាយប្រហារនេះបានឆាប់ជាសះស្បើយឡើងវិញផងដែរ បើតាមមន្រ្តីសេតវិមានដដែលបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ។

ពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យនេះដែរ ខាងក្រុមអាជ្ញាធរក្រុងហ្គាហ្សាបានលើកឡើងថា កងយោធាអ៊ីស្រាអ៊ែល គឺជាអ្នកទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យ ខណៈប្រទេសអ៊ីស្រាអ៊ែលបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងការវាយប្រហារនោះទេ ។

ចំនួនអ្នកស្លាប់ចេញពីការបំផ្ទុះគ្រាប់បែក នៅក្នុងមន្ទីរពេទ្យក្រុងហ្គាហ្សា អាចនឹងកើនឡើងដល់៥០០នាក់ ដោយយោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិ ដដែលបានលើកឡើងផងដែរ ។

សូមរំលឹកផងដែរថា លោកចូបៃដិនបានចេញដំណើរពីរដ្ឋធានីវ៉ាស៊ីនតោន តំាងពីថ្ងៃអង្គារ ដែលគេមើលឃើញថាជាបេសកកម្មការទូតប្រកបដោយភាពស្មុគ្រស្មាញ ក្នុងគោលដៅដើម្បីបង្ហាញការគំាទ្រដល់សម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន ពោលគឺប្រទេសអ៊ីស្រាអ៊ែល ខណៈដែលប្រទសនេះកំពុងតែមានសង្គ្រាមជាមួយនឹងភាគីប៉ាឡេស្ទីន៕

ប្រភព៖ Reuters