សម្តេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឲ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឲ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ជំនាញខាងសាងសង់ផ្លូវនៅលើទឹករដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់លើទិសដៅ នៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឲ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស។
ចំណែកលោក វ៉ាង ជៀនភីង បានលើកឡើងអំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារ។ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ សម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។
ចំពោះសម្តេចធិបតី ក៏គាំទ្រចំពោះគម្រោងវិនិយោគនានា របស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឲ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព ។
សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដើម្បីឲ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី៕