មេដឹកនាំ អ៊ីស្រាអែល ព្រមានថា សង្គ្រាមនឹងអូសបន្លាយរយៈពេលវែង

បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនៅក្នុងអំឡុងសុន្ទរកថាមួយ នៅឯការបើកសម័យប្រជុំរដូវរងានៃសភាជាតិថា អ៊ីស្រាអែលបានត្រៀមកងទ័ពរួចជាស្រេចដើម្បីធ្វើសង្គ្រាមរយៈពេលវែង រហូតដល់ទទួលជ័យជំនះលើសត្រូវទាំងឡាយ ។

លោក Netanyahu បាននិយាយទៀតថា អ៊ីស្រាអែលឥឡូវនេះកំពុងប្រយុទ្ធដើម្បីសន្តិភាពរបស់ខ្លួន ហើយបានបង្ហាញពីទំនុកចិត្តថា ប្រទេសរបស់លោកនឹងឈ្នះជាយថាហេតុលើក្រុមហាម៉ាស់ ដែលជាក្រុមតស៊ូប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល លើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន គឺបានបាត់បង់ជីវិតនិងរបួសរាប់រយនាក់មកហើយ នេះយោងតាមការចេញផ្សាយរបស់ RT ។

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបន្តទៀតថា៖ នេះគឺជាពេលវេលានៃការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នក ដែលព្យាយាមបំផ្លាញពួកយើង។ គោលដៅរបស់យើងគឺជ័យជំនះ ជ័យជំនះពេញលេញលើក្រុមហាម៉ាស ដោយលុបបំបាត់ម្តងហើយម្តងទៀតសម្រាប់អំណាចទាំងអស់ និងការគំរាមកំហែងដែលវាបង្កដល់អ៊ីស្រាអែល។

ក្នុងអំឡុងសុន្ទរកថា របស់លោកនាយករដ្ឋមន្ត្រី បានទទូចថាអ៊ីស្រាអែលក៏ត្រៀមខ្លួនជាស្រេច ក្នុងការសងសឹកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah លីបង់ ប្រសិនបើខ្លួនប៉ុនប៉ងជ្រៀតជ្រែកក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននោះផងដែរ ៕