សម្តេចធិបតី និងលោកជំទាវ ជាមួយប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញដល់ទីក្រុងប៉េកាំងហើយ

ប៉េកាំង៖ នៅវេលាម៉ោង ១៣ និង៥០នាទី ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនឹងម៉ោង១២ និង៥០នាទីម៉ោង នៅកម្ពុជា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះពិសេសចាកចេញពីទីក្រុងភ្នំពេញ មកកាន់ទីក្រុងប៉េកាំងប្រទេសចិន ដោយប្រើរយៈពេលហោះហើរ ប្រមាណជាង៤ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនហើយ។

នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងមានការទទួលបដិសណ្ឋារកិច្ច ដោយមន្រ្តីជាន់ខ្ពស់របស់ចិន លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្រ្តីរបស់ប្រទេសចិនជាច្រើនរូប។

សូមជំរាបថា ការអញ្ជើញរបស់សម្តេចធិបតី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រោមមូលបទ«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម»។ នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្ដេចធិបតីនឹងជួបពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ។

ដោយឡែកសម្រាប់សភាពាណិជ្ជកម្មកម្ពុជា ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជាអញ្ជើញអមដំណើរ សម្តេចធិបតីនាយក រដ្ឋមន្ត្រី ចូលរួមវេទិកាខ្សែក្រវាត់ និង ផ្លូវលើកទី ៣ សម្រាប់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅ នៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកំឡុងពេល នៃទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និង គណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជា នឹងចូលនឹងកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងក៏ដូចជាការតភ្ជាប់ធុរកិច្ច កម្ពុជា -ចិន៕