ត្រូវបង្ខំប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ឱ្យជម្លៀសពីតំបន់ហ្គាហ្សា ខណៈទ័ពអ៊ីស្រាអែលត្រៀមសម្លាប់ក្រុមហាម៉ាស់ឲ្យអស់
បរទេស៖ ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅតំបន់ហ្គាហ្សាជាងមួយលាននាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល បង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល ត្រៀមបើកការវាយប្រហារឈុតធំមកលើក្រុម ហាម៉ាស់។
ជុំវិញការវាយប្រហាររវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល បានបង្កជាភាពវឹកវរ និងអសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេសទាំងពីរ។ នៅក្នុងនោះ ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្រ្ទីបភាគខាងជើង ដោយទៅរកកន្លែងសុវត្ថិភាពផ្សេងដើម្បីជ្រកកោន ។ នេះបើយោងតាមការឱ្យដឹងពីអង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។
ការសងសឹករបស់អ៊ីស្រាអែលនេះ ក្លាយជាការវាយប្រហារដ៏ព្រៃផ្សៃមួយ ក្នុងប្រវត្តិសាស្រ្តនៃការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល ដែលធ្វើឱ្យអារ៉ាប់ និងសហភាពអាហ្រ្វិក ព្រមានអ៊ីស្រាអែលថា ការលុកលុយនេះអាចនាំឱ្យមានការប្រល័យពូជសាសន៍ ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក ។ យ៉ាងហោចណាស់ មនុស្សនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ចំនួន ២,៦៧០នាក់បានស្លាប់ ក្នុងនោះសុទ្ធសឹងតែប្រជាជនស៊ីវិលរបស់ប៉ាឡេស្ទីន ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ ដើម្បីឱ្យអ៊ីស្រាអែលរំសាយកំហឹង ។ លោកបន្តទៀតថា ចំណែកអ៊ីស្រាអែលគប្បីបើកផ្លូវផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សាសាជាថ្មី ដោយថា តំបន់ហ្គាហ្សានេះកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ និងថ្នាំសង្កូវជាខ្លាំងពន់ពេក។
រីឯ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា គ្មាននរណាម្នាក់អាចធានាពីស្ថានការណ៍ និងទំហំនៃជម្លោះបានឡើយ ពីព្រោះថាភាគីទាំងពីរមិនបានចរចារកដំណោះស្រាយតាមសន្តិវិធីនោះទេ ខណៈអ៊ីស្រាអែលបន្តបញ្ជូនទាហានចូលទៅវាយលុកក្នុងតំបន់ហ្គាហ្សាជាបន្តបន្ទាប់។ លោកបានបន្ថែមទៀតថា ប្រទេសមហាអំណាចមួយចំនួនគួរចាត់វិធានការទប់ស្កាត់វិសាលភាពនៃសង្គ្រាម និងការពង្រីកនៃកម្លាំងទ័ពរវាងប្រទេសទាំងពីរ និងការសម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល ពិសេសស្រ្តីនិងកុមារជាដើម។
សូមបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារ បាញ់បោះ និងសម្លាប់ប្រជាជនអ៊ីស្រាអែលជាង ១,៤០០នាក់ តួលេខនេះរាប់គិតចាប់ពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣៕
សារព័ត៌មាន CNA